វាបានក្លាយជារឿងមួយដែលល្បីល្បាញក្នុងបណ្តាញសង្គម ហើយមានអ្នកចូលមកបញ្ចេញយោបល់សរសើរនូវទង្វើដ៏ល្អនេះ ។ នៅក្នុងវីដេអូបានបង្ហាញពីរថភ្លើងទាំងមូលត្រូវផ្អាកការធ្វើដំណើរបណ្តោះអាសន្នសិន ដោយសារបុគ្គលិកបម្រើការក្នុងរថភ្លើងចុះពីលើរថភ្លើង ហើយទៅជួយសត្វអណ្តើកដេកផ្ងារពោះ១ក្បាលនៅលើផ្លូវដែក ដើម្បីឱ្យអណ្តើកនេះអាចវារទៅមុខបាន ។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា វាបានក្លាយជាវីដេអូមួយដែលត្រូវបានគេចែកចាយបន្តគ្នា និងមានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្រោយពីអ្នកបើករថភ្លើងសម្រេចចិត្តបញ្ឈប់រថភ្លើងទាំងមូល ដើម្បីជួយអណ្តើក១ក្បាលដែលដេកផ្ងារពោះនៅលើផ្លូវដែក ។
អ្នកលេង TikTok ម្នាក់ឈ្មោះ @first_srt បានបង្ហោះវីដេអូនេះ ក្រោយពីមានការប្រទះឃើញអណ្តើក១ក្បាលដេកផ្ងារពោះនៅលើផ្លូវដែក ហើយវាព្យាយាមងាកខ្លួនចុះឡើងដើម្បីត្រឡប់មកសភាពដើមវិញ ប៉ុន្តែមិនបានសម្រេច ។ ចុងក្រោយ បុរសជាបុគ្គលិករថភ្លើងបានចុះទៅជួយលើកវាទៅដាក់នៅសងខាងផ្លូវ ទើបបុរសនេះឡើងលើរថភ្លើងវិញ ហើយធ្វើដំណើរបន្ត ។
ក្រោយពីវីដេអូនេះបានបង្ហោះនៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះអ្នកលេងបណ្តាញសង្គមខ្លះបានសរសើរបុគ្គលិករថភ្លើងដែលសង្កេតឃើញសត្វអណ្តើកនេះ ។ ពួកគេនិយាយថា បើមិនបានជួយវាទេ អណ្តើក១ក្បាលនេះអាចងា.ប់ក៏ថាបាន ព្រោះវាមិនអាចក្រឡាប់ខ្លួនដោយខ្លួនវាបានទេ ។
អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «សូម្បីតែកំពុងបើកបររថភ្លើង នៅតែមើលឃើញអណ្តើកទៀត នេះបង្ហាញថា អ្នកបើករថភ្លើងបានសង្កេតមើលនៅតាមផ្លូវគ្រប់ពេលទាំងអស់» ។ អ្នកលេងបណ្តាញសង្គមម្នាក់ទៀតថា ៖ «ហេតុអ្វីគួរឱ្យស្រឡាញ់បែបនេះ បើគ្មានរថភ្លើងបើកឆ្លងកាត់ទេ ឬអ្នកបើករថភ្លើងមិនបញ្ឈប់រថភ្លើងទេ សត្វអណ្តើកនេះនឹងត្រូវដេកហាលថ្ងៃយូរប៉ុនណាទៅ អរគុណជំនួសអណ្តើកផង» ។ មនុស្សម្នាក់ទៀតថា ៖ «វាជាទង្វើមួយគួរឱ្យស្រឡាញ់ ព្រោះគ្រប់ជីវិតទាំងអស់ រមែងស្រឡាញ់ជីវិតរបស់ខ្លួន» ៕
ប្រភព ៖ khaosod










