វាជាសំណួរមួយដែលមនុស្សភាគច្រើនងឿងឆ្ងល់ ប៉ុន្តែមិនដឹងទៅសួរអ្នកណាសម្រាប់រឿងស៊ុតមាន់ឆៅមានពណ៌ខុសគ្នា ខណៈស៊ុតខ្លះពណ៌ទឹកក្រូច ហើយខ្លះទៀតពណ៌លឿង ។ ហេតុអ្វីបានជាវាមានពណ៌ខុសគ្នាបែបនេះ ហើយវាជះឥទ្ធិពលដល់អ្នកបរិភោគដែរឬទេ ?
ស៊ុតមាន់ឆៅខ្លះមានពណ៌ទឹកក្រូច ហើយស៊ុតខ្លះទៀតពណ៌លឿង គឺវាអាស្រ័យលើចំណីអាហាររបស់សត្វមាន់ដែលយើងចិញ្ចឹម ។ សម្រាប់មាន់ដែលស៊ីចំណីសម្បូរជាតិការ៉ូទីនខ្ពស់ ដូចជា ការ៉ុត, ប៉េងប៉ោះ និងពោត វានឹងផ្តល់ស៊ុតពណ៌ទឹកក្រូច ។ ចំណែកមាន់ស៊ីចំណីមានជាតិការ៉ូទីនតិច ដូចជា គ្រាប់ធញ្ញជាតិ, ស្មៅ និងស្រូវមីយេ វានឹងផ្តល់ស៊ុតពណ៌លឿង ។
ការ៉ូទីន គឺជាសារធាតុពណ៌លឿង និងពណ៌ទឹកក្រូច ហើយគេសង្កេតឃើញសារធាតុនេះភាគច្រើននៅក្នុងបន្លែ និងផ្លែឈើមួយចំនួន ។ ការ៉ូទីន នឹងត្រូវបានស្រូបចូលក្នុងខ្លួនមាន់ ហើយវាទៅប្រមូលផ្តុំនៅក្នុងស៊ុត ។ បរិមាណការ៉ូទីនដែលមាន់បានទទួល វានឹងជះឥទ្ធិពលដល់ពណ៌របស់ស៊ុតមាន់ដោយផ្ទាល់ ពីព្រោះមាន់ដែលស៊ីចំណីមានសារធាតុការ៉ូទីនខ្ពស់ វានឹងផ្តល់ស៊ុតពណ៌ទឹកក្រូចភ្លឺ ចំណែកមាន់ស៊ីចំណីមានសារធាតុការ៉ូទីនតិច វានឹងផ្តល់ស៊ុតពណ៌លឿងខ្ចី ។
ទោះយ៉ាងណា ពណ៌របស់ស៊ុតមាន់ មិនបានប៉ះពាល់ដល់រសជាតិម្ហូបអាហារ ឬគុណតម្លៃរបស់អាហារូបត្ថម្ភទេ ទោះជាវាមានពណ៌លឿង ឬពណ៌ទឹកក្រូចក្តី គឺសុទ្ធតែផ្តល់គុណតម្លៃអាហារូបត្ថម្ភដូចគ្នា ៕
ប្រភព ៖ Sanook










