ប្រទេសកូរ៉េខាងជើង ៖ លោក គឹម ជុងអ៊ុន មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង បានណែនាំឱ្យរោងចក្រផលិតអាវុធធំៗនៅក្នុងប្រទេសនេះ បង្កើនបរិមាណផលិតអាវុធ ពីព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសក្តានុពលការពារប្រទេស ។
សារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េខាងជើង (KCNA) បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ថា លោក គឹម ជុងអ៊ុន បានណែនាំឱ្យរោងចក្រផលិតអាវុធធំៗបង្កើនកម្លាំងផលិតអាវុធ ក្នុងអំឡុងពេលលោកចុះត្រួតពិនិត្យរោងចក្រផលិតអាវុធជាច្រើនកន្លែង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា កន្លងមក ។ រោងចក្រទាំងនេះបានផលិតគ្រាប់កាំភ្លើងធំសម្រាប់ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតធំៗជាច្រើនគ្រឿង និងរថយន្តដឹកទំនិញជាមួយនឹងឧបករណ៍បាញ់កាំជ្រួចផងដែរ ។ លោក គឹម ជុងអ៊ុន បានបញ្ជាក់ថា ការបង្កើនកម្លាំងផលិតអាវុធនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសក្តានុពលការពារប្រទេស ។
ការចុះត្រួតពិនិត្យនៅតាមរោងចក្រផលិតអាវុធជាច្រើនថ្ងៃជាប់ៗគ្នារបស់លោក គឹម ជុងអ៊ុន ត្រូវបានគេចាត់ទុកថា វាមិនមែនជារឿងធម្មតាទេ ខណៈការចុះត្រួតពិនិត្យរោងចក្រទាំងនេះ ធ្វើឡើងស្របពេលប្រទេសកូរ៉េខាងជើងបានជំរុញឱ្យមានការអភិវឌ្ឍអាវុធជាច្រើនប្រភេទដូចជា អាវុធផ្នែកយុទ្ធសាស្ត្រ និងអាវុធទូទៅ ។
វាជាការបង្ហាញនូវកម្លាំងដ៏ខ្លាំងក្លាក្នុងអំឡុងពិធីដង្ហែក្បួនគម្រប់ខួប៧០ឆ្នាំ នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងប្រទេសកូរ៉េទាំងពីរ កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ។ លើសពីនេះ វាក៏ជាការដាក់ឱ្យប្រើប្រាស់កាំជ្រួចទើបបង្កើតថ្មីដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងមានគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ីចូលរួមផងដែរ ៕ ប្រភព ៖ TNN World










