បើទោះជាការបរិភោគបន្លែផ្តល់ផលប្រយោជន៍ដល់រាងកាយក្តី ប៉ុន្តែបើបរិភោគវាមិនបានត្រឹមត្រូវទេនោះ វានឹងបង្កផលប៉ះពាល់ដល់សុខភាពជំនួសវិញ ។ ជាក់ស្តែង បន្លែមួយចំនួន យើងមិនអាចបរិភោគវាឆៅទេ ព្រោះអាចមានលាយជាមួយសារធាតុគីមី ឬបាក់តេរីផ្សេងៗ ហើយនៅពេលបរិភោគបន្លែទាំងនេះ វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន ។ យើងមកមើលថា តើមានបន្លែអ្វីខ្លះដែលមិនគួរបរិភោគឆៅ ហើយគួរបរិភោគបែបណាឱ្យមានសុវត្ថិភាព ។
១-សណ្តែកកួ ៖
គឺជាបន្លែមួយប្រភេទដែលគេប្រើប្រាស់ថ្នាំកម្ចា.ត់សត្វល្អិតច្រើន ហើយថ្នាំទាំងនេះនឹងជ្រាបចូលទៅក្នុងសណ្តែកកួ ។ មុនពេលយកវាទៅបរិភោគ គួរតែលាងទឹកសម្អាតឱ្យស្អាត ហើយត្រាំវាក្នុងទឹកឱ្យបានយូរ ទើបយើងអាចបរិភោគសណ្តែកកួឆៅបាន ។
២-ស្ពៃក្តោប, ផ្កាខាត់ណាត និងផ្កាខាត់ណាខៀវ ៖
អ្នកមានជំងឺក្រពេញទីរ៉ូអ៊ីត (Hypothyroid) មិនគួរបរិភោគទេ ព្រោះវាមានសារធាតុ Goitrogens ដែលរារាំងការផលិតអរម៉ូនទីរ៉ូអ៊ីត ។ ចំណែកមនុស្សទូទៅអាចបរិភោគបន្លែទាំងនេះឆៅបាន ប៉ុន្តែមិនគួរបរិភោគក្នុងបរិមាណច្រើនពេកទេ ។ មុននឹងបរិភោគ ត្រូវយកវាទៅលាងទឹកឱ្យស្អាតដើម្បីការពារថ្នាំកម្ចា.ត់សត្វល្អិត ដែលអាចនៅជាប់ជាមួយបន្លែ ។
៣-សណ្តែកបណ្តុះ ៖
មិនគួរបរិភោគសណ្តែកបណ្តុះឆៅទេ ព្រោះវាអាចមានមេរោគបាក់តេរីនៅលាយជាមួយគ្នា ។ ការលូតលាស់របស់សណ្តែកបណ្តុះ គឺត្រូវការសំណើមដែលធ្វើឱ្យបាក់តេរីអាចធំធាត់យ៉ាងល្អ រួមទាំងសារធាតុធ្វើឱ្យសណ្តែកបណ្តុះមានពណ៌សស្អាតផងដែរ ។ ការយកសណ្តែកបណ្តុះទៅលាងសម្អាតដោយទឹកធម្មតា គឺមិនអាចសម្អាតសារធាតុមេរោគអស់ទេ ដូច្នេះ យើងត្រូវចម្អិនវាដោយទឹកក្តៅឱ្យឆ្អិនដើម្បីកម្ចាត់មេរោគ ។
៤-ទំពាំង និងដំឡូងបារាំង ៖
ទំពាំង និងដំឡូងបារាំង មានសារធាតុ Cyanide ភ្ជាប់គ្នាជាមួយសារធាតុ Hemoglobin ដែលធ្វើឱ្យរាងកាយរបស់មនុស្សខ្វះខាតអុកស៊ីសែន ហើយអាចធ្វើឱ្យយើងបាត់បង់ស្មារតី និងស្លា.ប់បាន ។ ដូច្នេះ យើងគួរតែយកវាទៅស្ងោរប្រមាណ១០នាទី ដើម្បីកាត់បន្ថយសារធាតុពុលរហូតដល់៩០% ។
៥-ផ្ទី ៖
មនុស្សទូទៅអាចបរិភោគផ្ទីឆៅបាន ប៉ុន្តែអ្នកខ្វះខាតជាតិកាល់ស្យូម និងជាតិរ៉ែ មិនគួរបរិភោគផ្ទីឆៅទេ ព្រោះវាមានផ្ទុកអាស៊ីត Oxalic ដែលរារាំងការស្រូបយកជាតិកាល់ស្យូម និងជាតិរ៉ែចូលក្នុងរាងកាយ ។ ចំណែកមនុស្សទូទៅ គួរចៀសវាងបរិភោគវាជាមួយម្ហូបអាហារមានជាតិកាល់ស្យូម និងជាតិដែក ៕
ប្រភព ៖ Maeban










