ប្រទេសចិន ៖ ការិយាល័យគ្រប់គ្រងអ៊ីនធើរណេតប្រទេសចិន (CAC) បានស្នើច្បាប់ថ្មីមួយកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដើម្បីកំណត់ឱ្យកុមារ និងយុវវ័យចិនកាត់បន្ថយពេលវេលាការប្រើប្រាស់អ៊ីនធើរណេតនាពេលយប់ និងគ្រប់គ្រងការប្រើទូរស័ព្ទស្មាតហ្វូន ។ ច្បាប់ថ្មីនេះមានគោលបំណងកាត់បន្ថយការញៀនជាមួយអ៊ីនធើរណេតរបស់យុវវ័យ ។
ការិយាល័យគ្រប់គ្រងអ៊ីនធើរណេត CAC គឺជាភ្នាក់ងារមួយធ្វើការគ្រប់គ្រងការប្រើប្រាស់អ៊ីនធើរណេតនៅប្រទេសចិន គ្រោងចាប់ផ្តើមអនុវត្តច្បាប់ថ្មីនេះ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីបានស្តាប់មតិយោបល់របស់ពលរដ្ឋរួចហើយ ។ ដូច្នេះ នៅក្រោមច្បាប់ថ្មី យុវវ័យចិនដែលមានអាយុក្រោម១៨ឆ្នាំ នឹងត្រូវបានកំណត់ការប្រើប្រាស់អ៊ីនធើរណេតនៅលើទូរស័ព្ទស្មាតហ្វូន ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៦ព្រឹក ។
ក្រៅពីនេះ គេក៏បានគ្រប់គ្រងលើការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនមិនឱ្យលើសពី៤០នាទីក្នុង១ថ្ងៃ សម្រាប់កុមារមានអាយុក្រោម៨ឆ្នាំ ។ ចំណែកយុវវ័យចិនដែលមានអាយុចាប់ពី១៦ឆ្នាំ ទៅ១៧ឆ្នាំ ពួកគេអាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនលេងអ៊ីនធើរណេតមិនលើស២ម៉ោងក្នុង១ថ្ងៃ ។ ច្បាប់ថ្មីនេះចាត់ទុកថា ជាការរឹតបន្តឹងខ្លាំងបំផុតនៅលើពិភពលោក ប៉ុន្តែសម្រាប់ឪពុកម្តាយវិញអាចនឹងលើកលែងក្នុងការអនុវត្តច្បាប់ថ្មី ។
ការិយាល័យគ្រប់គ្រងអ៊ីនធើរណេត CAC លើកឡើងថា ការរឹតបន្តឹងនេះនឹងជួយធ្វើឱ្យការប្រើប្រាស់អ៊ីនធើរណេតបានល្អប្រសើរឡើង, បង្កើតបរិយាកាសសមស្រប និងទប់ស្កាត់បញ្ហាការញៀនអ៊ីនធើរណេតនៅក្នុងក្រុមយុវវ័យ ។ លើសពីនេះ វាជាផ្លូវសម្រាប់ឱ្យយុវវ័យមានទម្លាប់ប្រើប្រាស់អ៊ីនធើរណេតត្រឹមត្រូវ ក៏ដូចជាការកាត់បន្ថយឥទ្ធិពលរបស់ព័ត៌មានមិនល្អនៅក្នុងអនឡាញផងដែរ ។
ការប្រកាសឱ្យអនុវត្តច្បាប់ថ្មីនេះ បានធ្វើឱ្យតម្លៃភាគហ៊ុនផ្នែកបច្ចេកវិទ្យារបស់ចិននៅទីផ្សារភាគហ៊ុន Wall Street ដូចជា Alibaba, JD.com និង Baidu បានធ្លាក់ចុះជាង៤% កាលពីថ្ងៃទី២ ខែសីហា កន្លងមក ៕
ប្រភព ៖ Bangkok biznews










