ក្រោយពីជួបរឿងហេតុមិននឹកស្មានដល់អំឡុងពេលច្រៀងនៅក្លិបកម្សាន្តមួយកន្លែងត្រូវគេគប់ទឹកកកដាក់ តារាចម្រៀង ជី ដេវីត បានបង្ហោះសារសន្យាចំពោះអ្នកគាំទ្ររបស់ខ្លួនថានឹងមើលថែខ្លួនឯងល្អជាងនេះ ខណៈហ្វេនៗរបស់លោកព្យាយាមស្វែងរកជនបង្កហេតុព្រោះទង្វើនេះពិតជាមិនគប្បីនោះទេទោះស្អប់កម្រិតណាស់មិនគួរប្រើទង្វើអសីលធម៌នេះឡើយ។
កាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា លោក ជី ដេវីត មានកម្មវិធីច្រៀងនៅក្លិបកម្សាន្តមួយកន្លែងនៅខេត្តព្រះសីហនុ ប៉ុន្តែបែរជាជួបរឿងនឹកស្មានមិនដល់អំឡុងពេលច្រៀងផ្តល់ភាពសប្បាយរីករាយជាមួយភ្ញៀវនោះស្រាប់តែមានអ្នកគប់ទឹកកកដាក់តារាចម្រៀងរូបនេះ ធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងមានការជជែកវែកញែកគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គម។ នៅក្នុងហេតុការនេះគេសង្កេតឃើញថា ជី ដេវីត នៅតែបង្ហាញស្នាមញញឹមជាប់ជានិច្ច និងបន្តការច្រៀងរបស់លោកធម្មតាមិនមានការរាំងស្ទះការងាររបស់លោកឡើយបើទោះបីជាគេប្រព្រឹត្តទង្វើមិនល្អដាក់ខ្លួនយ៉ាងណា។
បន្ទាប់ពីជួបហេតុការគេគប់ទឹកកកដាក់នេះហ្វេនៗរបស់លោកសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលោក ជី ដេវីត ខណៈពួកគេព្យាយាមស្វែករកជនបង្កហេតុដែលបានគប់ទឹកកកនេះនិងទទូចឱ្យម្ចាស់ក្លិបបញ្ចេញឃ្លីបថ្ងៃកើតហេតុដើម្បីបញ្ជាក់ពីទំនួលខុសត្រូវរបស់ខ្លួន។
ហេតុការណ៍មិននឹកស្មានដល់នេះដែរ លោក ជី ដេវីត បានបង្ហោះសារចំពោះអ្នកគាំទ្ររបស់ខ្លួនថារូបលោកនឹងមើលថែខ្លួនឯងឱ្យល្អជាងនេះផងដែរ។ តារាចម្រៀងរូបនេះបានសរសេរនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ថា «អរគុណបងប្អូនដោយក្តីគោរពស្រលាញ់ ក៏សុំទោសដែលឱ្យបារម្ភខ្ញុំសន្យាថ្ងៃក្រោយខ្ញុំនឹងមើលថែខ្លួនឯងឱ្យបានល្អជាងនេះ សន្យា»។
ទង្វើនៃការគប់ទឹកកកនេះទៀតសោតក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថាមិនគួរឱ្យកើតមាននោះទេទោះបីជាខឹងស្អប់កម្រិតណាក៏ដោយព្រោះបញ្ជាក់ឱ្យឃើញពីទង្វើអសីលធម៌មិនផ្តល់តម្លៃដល់អ្នកសិល្បៈ។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅអ្នកសិល្បៈមួយចំនួនក៏រងនៅផលប៉ះពាល់អំឡុងពេលការសម្តែងរបស់ខ្លួនផងដែរ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០១៨ តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរដាក់ដែលបង្កឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងនាពេលនោះ។ នៅខែវិចិ្ឆកា ឆ្នាំ២០២២ តារាចម្រៀង អនុស្សាវរីយ៍ ក៏ត្រូវគេជះស្រាបៀរដាក់ដូចគ្នាអំឡុងពេលលោកច្រៀងនៅកម្មវិធីមួយនៅខេត្តកំពង់ស្ពឺ៕










