ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ ដែលត្រូវជាឪពុក។
មុននឹងទទួលបានការតែងតាំងនេះ អ្នកស្រី ជា សិរី ធ្លាប់ជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដោយកាលនោះនៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី ចាប់ផ្ដើមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ហើយនៅឆ្នាំ២០០២ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺលោកស្រី បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ជាបន្តបន្ទាប់ លោកស្រី កាន់តំណែងជាអគ្គនាយករងបច្ចេកទេស ក្រោយមកឡើងជាអគ្គនាយកបច្ចេកទេស និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ក្រៅពីនេះ លោកស្រី ជា សិរី ក៏កាន់តំណែង និងការងារសំខាន់ៗ ជាច្រើនទៀតនៅធនាគារជាតិនៃកម្ពុជា រួមមាន ៖
- សមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី (២០១៦-២០១៨)
- សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ (២០១៧-២០២១)
- សមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី (២០១៨-២០២១)
- ស្ថាបនិកមូលនិធិរស្មីកុមារ ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech ជាដើម៕











