ជឿជាក់ថាសម្រាប់អ្នកប្រើបណ្តាញសង្គមជា្របមកហើយថានាបច្ចុប្បន្ននេះហ្គេមអនឡាញមានច្រើនប្រភេទហើយរីកដុះដាលយ៉ាងខ្លាំងនាពេលនេះព្រមទាំងមានតារាល្បីៗជាច្រើន ទទួលផ្សព្វផ្សាយ ប្រូម៉ូត ល្បែងនេះ។ យ៉ាងណាទន្ទឹមនឹងតារាមួយចំនួនទទួលផ្សព្វផ្សាយនោះគេក៏សង្កេតឃើញថាតារាមួយចំនួនក៏សម្រេចចិត្តមិនទទួលប្រូម៉ូតហ្គេមអនឡាញដូចគ្នាដូចជាតារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព ជាដើម ខណៈតារាចម្រៀង វេហាស៍ ក៏បានប្រកាសជាសាធារណៈតែម្តងថាលោកមិនទទួលប្រូម៉ូតហ្គេមអនឡាញដូចគ្នាព្រមទាំងបញ្ជាក់ថាការងារនេះមិនសមនឹងលោកទេទោះបីជាមានលក្ខខណ្ឌបែបណាក៏ដោយ។
នៅយប់ថ្ងៃទី២៧ ខែកក្កដា លោក វេហាស៍ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ការពិតទៅខ្ញុំមិនចង់ផុសនិយាយរឺបកស្រាយអ្វីនោះទេ តែដោយសារខាងក្រុមហ៊ុនជាច្រើនដែលពាក់ព័ន្ធជាមួយនឹងការងារមួយនេះគាត់តែងតែទាក់ទងមកជាហូរហែមិនចេះដាច់ ហើយខ្ញុំចាំតបម្តងមួយៗវានាំតែធ្វើឱ្យខាតពេលវេលាយើងទាំងសងខាង។ អ៊ីចឹងថ្ងៃនេះខ្ញុំសុំផុសជាសាធារណៈនិងប្រកាសឱ្យដឹងតែម្តង សម្រាប់បងៗដែលទាក់ទងខ្ញុំឱ្យប្រូម៉ូតជាមួយនិងហ្គេមអនឡាញគ្រប់ប្រភេទ ខ្ញុំបាទសុំទោសក៏ដូចជាអធ្យាស្រ័យ គឺខ្ញុំបាទមិនទទួលប្រូម៉ូតទេ»។
ម្ចាស់បទ «លួងបង» បានបន្តទៀតថា ការងារមួយនេះមិនសាកសមជាមួយលោកទេ មិនបានថាក្រុមហ៊ុនគេយ៉ាងម៉េច រឺអ្នកដែលទទួលប្រូម៉ូតអោយគេយ៉ាងម៉េចទេ តែគ្រាន់តែសម្រាប់លោកមួយមិនទទួលប្រូម៉ូតទេមិនថាក្នុងលក្ខខណ្ឌ័បែបណានោះទេ។
គួរបញ្ជាក់ផងដែរថា ពេលនេះលោក វេហាស៍ កំពុងស្ថិតនៅសហរដ្ឋអាម៉េរិកជាមួយគ្រួសារបងប្រុសគឺលោក មាស សាលី ខណៈកាលពីប៉ុន្មានខែមុន លោក មាស សាលី និងភរិយា ក៏បានមកលេងកម្សាន្តស្រុកខ្មែរផងដែរ៕










