បើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖”សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិអាណត្តិទី៧ នោះឡើយ” ក្រោយដឹកនាំប្រទេសដោយសុខសន្តិភាពអស់រយៈពេល៣៨ឆ្នាំ ៧ខែ។

ក្រោយការលាលែងពីនាយករដ្ឋមន្ត្រី សម្តេចត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជំនួសលោក សាយ ឈុំ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖”ការផ្ដល់ឱកាសឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី នាអាណត្តិថ្មីនេះ ដោយសាររូបគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមត្ថភាពអាចដឹកនាំប្រទេសបាន។ ម្យ៉ាងវិញទៀតសម្ដេច ក៏ចង់បញ្ចប់ពាក្យចចាមអារ៉ាមនានា ជុំវិញវត្តមានលោក ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេនផងដែរ”។

បើតាមប្រសាសន៍សម្តេច លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ ពោលនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕