អ្នកមួយចំនួនអាចដឹងនិងមិនដឹងថា ព្រីន មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេតែលោកក៏ជាតារាចម្រៀងម្នាក់ដែលមានបទចម្រៀងនៅលើទីផ្សារផងដែរ ជារួមទាំងការសម្តែងនិងច្រៀងតារាប្រុសរូបនេះទៅរួចទាំងអស់។ ថ្មីៗនេះទៀតសោត ព្រីន បានឆាបឆក់បេះដូងអ្នកគាំទ្រតាមរយៈបទចម្រៀងមួយបទមានការសហការជាមួយនិង Billy ផងដែរ។

«អញ្ជើញចូលចុះបើស្រលាញ់» គឺជាបទល្បីមួយបទរបស់តារាចម្រៀងជើងចាស់លោកស្រី សុង សេងហ៊ន ដែលបច្ចុប្បន្ននេះលោកស្រីកំពុងរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក។ ដ្បិតតែពេលនេះលោកស្រីមិនបានប្រលូកអាជីពសិល្បៈក្តីប៉ុន្តែកេរ្តិ៍ឈ្មោះលោកស្រីនៅតែល្បីសុះសាយលើអាជីពសិល្បៈជាពិសេសបទរបស់លោកស្រីផ្ទាល់តែម្តង។

តួយ៉ាងនាពេលថ្មីៗនេះតារាសម្តែងព្រីន និង Billy បានសហការផលិតបទ «អញ្ជើញចូលចុះបើស្រលាញ់» លាយជាមួយបារ៉ូថ្មី និងភ្លេងថ្មីបន្ថែមទៀត ជាពិសេសតួស្រីក្នុងបទនេះកាន់តែទាក់ទាញទស្សនិកជន ដោយអ្នកខ្លះបានលើកឡើងថាតួស្រីក្នុងបទនេះស្មានតែជាតួបរទេសតែការពិតជាខ្មែរសោះ។

អ្នកលេងបណ្តាញសង្គមបានលើកឡើងស្រដៀងៗគ្នាថា បទចម្រៀងមួយបទនេះអេមខ្លាំង ទាំងភ្លេង ទាំងប៉ារ៉ូល តួស្រីស្លៀកពាក់ស៊ិចស៊ីតែសមល្មមមិនខ្លាំងពេក អ្នកច្រៀងក៏សង្ហា ទើបធ្វើឱ្យមួយបទនេះមានការចាប់អារម្មណ៍ច្រើនពីស្រទាប់យុវវ័យ។ ទន្ទឹមនឹងការកោតសរសើរនោះអ្នកគាំទ្រខ្លះក៏បង្ហាញការព្រួយបារម្ភចំណុចមួយនោះគឺទាក់ទងទៅនឹងបទម្ចាស់ដើមខ្លាចតារាចម្រៀងទាំងពីររូបនេះមានបញ្ហាដោយប្រការណាមួយ៕