យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ការធ្វើលំហាត់ប្រាណគឺល្អសម្រាប់រាងកាយ ចំណែកឯការគេងឱ្យបានគ្រប់គ្រាន់វិញគឺល្អសម្រាប់សុខភាព។ ចុះបើយើងចង់ជ្រើសរើសយកតែមួយ រវាង”សម្រាកឱ្យបានគ្រប់គ្រាន់” និង “ការធ្វើលំហាត់ប្រាណ” តើមួយណាសំខាន់ជាង? ដូច្នេះហើយខាងក្រោមនេះគឺជាចម្លើយ ដែលអ្នកគួរយល់ដឹង៖
១.ការសម្រាកឱ្យបានគ្រប់គ្រាន់៖ គឺជាសកម្មភាពដ៏សំខាន់មួយដែលរាងកាយមិនអាចខ្វះបាន ដោយសារតែការគេងគឺល្អដល់សុខភាពនៃប្រព័ន្ធភាពស៊ាំ ជំនួយដល់ការចងចាំ រួមទាំងជួយឱ្យរាងកាយមានថាមពលគ្រប់គ្រាន់ និងត្រៀមខ្លួនសម្រាប់សកម្មភាពជាច្រើននៅថ្ងៃបន្ទាប់។ ខណៈដែលយើងមិនបានសម្រាកគ្រប់គ្រាន់ រាងកាយរបស់យើងនឹងចុះខ្សោយ ដែលអាចប៉ះពាល់ដល់ការផ្តោតអារម្មណ៍លើការអនុវត្តសកម្មភាពប្រចាំថ្ងៃផ្សេងៗ និងប៉ះពាល់ដល់ការឡើងចុះនៃទម្ងន់ផងដែរ។
២.ការធ្វើលំហាត់ប្រាណ៖ គុណសម្បត្តិនៃការធ្វើលំហាត់ប្រាណ គឺល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយ ដែលវាជួយពង្រឹងរាងកាយឱ្យលូតលាស់ មានម៉ាសសាច់ដុំ និងឆ្អឹងរឹងមាំ ជំរុញដំណើរការមេតាប៉ូលីស ជួយគ្រប់គ្រងទម្ងន់ និងគ្រប់គ្រងការធាត់។ វាក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗផងដែរ ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ជំងឺបេះដូង ជំងឺធាត់ និងមហារីក…ជាដើម។
ដូចនេះសរុបមក រវាង”សម្រាកឱ្យបានគ្រប់គ្រាន់” និង “ការធ្វើលំហាត់ប្រាណ” មិនអាចមានជម្រើសបានទេ ព្រោះទាំងពីរនេះសុទ្ធតែជារឿងសំខាន់សម្រាប់សុខភាពរាងកាយរបស់យើង ។ ការជ្រើសរើសតែមួយប្រាកដជាមានផលប៉ះពាល់ដល់រាងកាយ ឬសុខភាព ទាំងការគេងឱ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណគឺសុទ្ធតែមានទំនាក់ទំនងនឹងគ្នា៕ ប្រភព៖sanook










