លោកយាយ Elsie Allcock ជាស្រ្តីជនជាតិអង់គ្លេសដែលត្រូវប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍ជាខ្លាំងព្រោះលោកយាយបានកើតនិងរស់នៅផ្ទះដដែល មិនប្តូរលំនៅដ្ឋានទៅណានោះទេអស់ពេល១០៥ឆ្នាំមកនេះហើយលោកយាយក៏គ្មានគម្រោងចាកចេញដូចគ្នា។
ជីដូនចំណាស់ខាងលើនេះ កើតនៅខែមិថុនា ឆ្នាំ១៩១៨ លោកយាយជាកូនស្រីពៅក្នុងចំណោមបង ប្អូន៥នាក់ ដែលមានផ្ទះស្ថិតនៅផ្លូវ Barker Street ក្រុង Huthwaite តំបន់ Nottinghamshire ប្រទេសអង់គ្លេស។ ដំបូងឡើយ ឪពុករបស់លោកយាយ Elsie ដែលជាអ្នកជីករ៉ែធ្យូងថ្មបានជួលផ្ទះនេះកាលពីឆ្នាំ១៩០២ក្នុងតម្លៃប្រហែល៣០ផោន។ ក្រោយពីម្តាយលោកយាយចែកឋានក្នុងឆ្នាំ១៩៣១ ហើយខ្លួនលោកយាយជាកូនពៅក្នុងគ្រួសារ លោកយាយត្រូវរស់នៅមើលថែឪពុក និងបានសម្រេចចិត្តរៀបការជាមួយលោក Bill នៅឆ្នាំ១៩៤១ រស់នៅផ្ទះជួលនោះជាមួយគ្នាតែម្តង។
នៅឆ្នាំ១៩៤៩ ឪពុកលោកយាយបានចែកឋាន ហើយលោកយាយសម្រេចចិត្តទិញផ្ទះដែលធ្លាប់តែជួលនោះក្នុងឆ្នាំ១៩៦០ក្នុងតម្លៃ២៥០ផោន ដោយមានការកម្ចីប្រាក់ផងដែរ។លោកយាយមានកូនប្រុស២នាក់ហើយស្វាមីលោកយាយបានចែកឋាននៅឆ្នាំ១៩៩៦ ដែលបច្ចុប្បន្ននេះលោកយាយ Elsie រស់នៅជាមួយកូនប្រុស Raymond អាយុ៧៦ឆ្នាំ។
ក្នុងការរស់នៅផ្ទះដដែល១០៥ឆ្នាំរបស់លោកយាយ គឺបានឆ្លងកាត់សង្រ្គាមលោកទាំង២លើកប្រមុខរដ្ឋ៥នាក់និងនាយករដ្ឋមន្ត្រីអង់គ្លេស ២២ នាក់៕














