ប្រទេសថៃ ៖ តុលាការធម្មនុញ្ញថៃបានធ្វើការណាត់ជួបលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីមកស្រាយបំភ្លឺនៅតុលាការ ពាក់ព័ន្ធនឹងករណីលោកកាន់កាប់ភាគហ៊ុនរបស់ ITV ។ វាជាថ្ងៃតែមួយដែលលោក Wan Muhamad Noor Matha ប្រធានរដ្ឋសភា ណាត់ធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសថៃ លើកទី២ ផងដែរ ។
សារព័ត៌មានថៃចុះផ្សាយថា មានការផ្សព្វផ្សាយឯកសារពីរបៀបវារៈកិច្ចប្រជុំរបស់តុលាការធម្មនុញ្ញ លើកទី២១ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង៩និង៣០នាទីព្រឹក នៅបន្ទប់ប្រជុំជាន់ទី៩ នៅតុលាការធម្មនុញ្ញក្នុងអគារជែងវឌ្ឍនៈ ។ ក្នុងរបៀបវារៈទី៤ របស់កិច្ចប្រជុំនេះបានស្នើសម្រាប់ការពិចារណារឿងគណៈកម្មការបោះឆ្នោត ដែលសូមឱ្យតុលាការធម្មនុញ្ញសម្រេច ដោយយោងតាមមាត្រា៨២ ថា តើសមាជិកភាពនៃសមាជិកសភាតំណាងរាស្ត្ររបស់លោក Pita បានបញ្ចប់តាមមាត្រា១០១ (៦) ភ្ជាប់នឹងមាត្រា៩៨ (៣) ដែរឬទេ ?
បើតុលាការធម្មនុញ្ញរកឃើញចំណុចគួរឱ្យសង្ស័យថា អ្នកត្រូវគេចោទប្រកាន់ (លោក Pita) បានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ តុលាការនេះនឹងបញ្ជាឱ្យអ្នកត្រូវគេចោទប្រកាន់ផ្អាកតួនាទីនៅរដ្ឋសភាបណ្តោះអាសន្នសិន រហូតដល់តុលាការសម្រេច និងឱ្យអ្នកត្រូវគេចោទប្រកាន់ដាក់លិខិតបកស្រាយពីការចោទប្រកាន់នេះ ក្នុងរយៈពេល១៥ថ្ងៃ ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា គឺជាថ្ងៃកិច្ចប្រជុំនៅរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលើកទី២ ក្រោយពីការបោះឆ្នោតលើកទី១ កាលពីថ្ងៃទី១៣ ខែកក្កដា លោក Pita ទទួលបានសំឡេងគាំទ្រមិនដល់ពាក់កណ្តាលក្នុងរដ្ឋសភា ។ គណបក្សនយោបាយចំនួន៨ ដែលរួមគ្នាបង្កើតរដ្ឋាភិបាលបានពិចារណាដាក់ឈ្មោះលោក Pita ម្តងទៀតក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លើកទី២ ៕ ប្រភព ៖ mgronline










