រាជធានីបាងកក៖ ក្រុមនិស្សិត មកពីសាកលវិទ្យាល័យធម្មសាត បានចេញមុខប្រតិកម្មយ៉ាងធ្ងន់ធ្ងរបំផុត វាយប្រហារដ៏ខ្លាំងក្លា ទៅលើសមាជិកសភា និង ព្រឹទ្ធសភាថៃ ជុំវិញការបោះឆ្នោតបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់មេបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដោយមានសំឡេងប្រឆាំង និង អនុបវាទច្រើន ហើយបរាជ័យមិនអាចរកអ្នកដឹកនាំប្រទេសថ្មីបាន។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៤ ខែកក្កដា ថា ក្រុមប្រឹក្សានិស្សិត នៃសាកលវិទ្យាល័យ Thammasat (ធម្មសាត) បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ដល់ការបោះឆ្នោតនាយករដ្ឋមន្រ្តីថ្មី កាលពីល្ងាច ថ្ងៃព្រហស្បតិ៍។ ពួកគេ បានចោទប្រកាន់ដល់សមាជិកសភា និង សមាជិកព្រឹទ្ធសភា កំពុងតែឆ្នោតប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ឬ មិនចូលរួម នៅក្នុងការបោះឆ្នោត កំពុងតែក្លាយជាអ្នកបង្កការអាម៉ាស់បំផុតមួយ នៅក្នុងស្ថាប័ននីតិប្បញ្ញត្ដិទាំង២នេះ។
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាទទួលបន្ទុកផ្នែកនយោបាយ និង ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៃសាកលវិទ្យាល័យធម្មសាត បានថ្កោលទោស ដល់សភាទាំង២នេះ ក្រោយការបោះឆ្នោតរួមរបស់សមាជិកសភាតំណាងរាស្រ្ត និង សមាជិកព្រឹទ្ធសភា។
លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ បានខកខានក្លាយជានាយករដ្ឋមន្រ្ដីទី៣០របស់ថៃ ក្រោយទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ មកពីក្នុងចំណោមសមាជិកសភា និង សមាជិកព្រឹទ្ធសភា ចំនួន៧៤៩អាសនៈ ខណៈសមាជិកព្រឹទ្ធសភាមួយរូប បានលាឈប់ កាលពីថ្ងៃពុធ នៅមុនការបោះឆ្នោតនាយករដ្ឋមន្រ្ដី ត្រឹមតែ១ថ្ងៃ។
ការបោះឆ្នោតរួមរបស់សភាទាំង កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ សម្រាប់ជ្រើសរើសលោក ភីថា ធ្វើជានាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ គឺទទួលបានសំឡេងគាំទ្រ ចំនួន៣២៤ ដោយរួមទាំងសំឡេងគាំទ្រពីព្រឹទ្ធសភា ចំនួន១៣សំឡេងផងដែរ ខណៈសំឡេងប្រឆាំងចំនួន១៨២សំឡេង និង អនុបវាទចំនួន១៩៩សំឡេង មកពីក្នុងចំណោមសមាជិកសភាទាំង២ ចំនួន៧០២នាក់ ដែលបានចូលរួមបោះឆ្នោត នៅក្នុងសភា។ គណបក្សឆ្ពោះទៅមុខរបស់លោក ភីថា លីមចារឿនរ៉ាត បានឈ្នះនៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ជាមួយនឹងសំឡេង ចំនួន ១៥១អាសនៈ នៅក្នុងរដ្ឋសភា។
លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ ជាបេក្ខជនតែងតាំងតែម្នាក់គត់ សម្រាប់ឲ្យសភាទាំង២ បោះឆ្នោតគាំទ្រ ក្លាយជានាយករដ្ឋមន្រ្ដី។ គាត់ត្រូវការសំឡេងគាំទ្រ ចំនួន៣៧៥ មកពីក្នុងចំណោមសមាជិកសភា និង ព្រឹទ្ធសភា ចំនួន៧៤៩ ខណៈសមាជិកព្រឹទ្ធសភាមួយរូបបានលាលែងពីតំណែង កាលពីថ្ងៃពុធ ពោលគឺ១ថ្ងៃ នៅមុនការបោះឆ្នោតនេះ។
លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានទទួលសំឡេងគាំទ្រ ពីរដ្ឋសភាចំនួន៣១១សំឡេង, ប្រឆាំងចំនួន ១៤៨សំឡេង និង អនុបវាទ ចំនួន៣៩សំឡេង ហើយគាត់ក៏បានទទួលសំឡេងគាំទ្រ មកពីសមាជិកព្រឹទ្ធសភា ចំនួន១៣សំឡេង, ប្រឆាំងចំនួន៣៤សំឡេង និង អនុបវាទ ចំនួន១៥៩សំឡេង។
ជាការប្រតិកម្មដ៏ខ្លាំង ជុំវិញបរាជ័យ ចំពោះការបោះឆ្នោតនាយករដ្ឋមន្រ្ដីទី៣០របស់ប្រទេសថៃ នោះ គណៈកម្មាធិការក្រុមប្រឹក្សាសាកលវិទ្យាល័យធម្មសាត បានសង្កត់ធ្ងន់ ថា សមាជិកសភា និង សមាជិកព្រឹទ្ធសភា ដែលបានបោះឆ្នោតប្រឆាំង ឬ អនុប្បវាទ កំពុងតែប្រព្រឹត្តផ្ទុយ ឬ ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ដូចអ្វីដែលបានបង្ហាញរួចមកហើយ តាមរយៈការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ គណបក្ស MFP បានឈ្នះនៅក្នុងការបោះឆ្នោតសកលនេះ ដោយទទួលបានអាសនៈសភា ចំនួន១៥១។ ដូច្នេះមេដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ បានទទួលអាណត្តិរបស់ប្រជាជន សម្រាប់ការឡើងធ្វើ ជានាយករដ្ឋមន្ត្រីបន្ទាប់។
គណៈកម្មាធិការអចិន្រ្ដៃយ៍ក្រុមប្រឹក្សា សាកលវិទ្យាល័យធម្មសាត បានបន្ថែម ថា «សកម្មភាពរបស់សមាជិកសភាទាំង២ ពិតជាគួរឲ្យស្អប់ខ្ពើម និង អាម៉ាស់ ចំពោះប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង ប្រវត្តិសាស្ត្រនយោបាយរបស់ថៃ។ ការបោះឆ្នោតប្រឆាំងនឹងលោក ភីថា ក៏ដូចជា អ្នកបោះឆ្នោតអនុប្បវាទ កំពុងតែក្លាយជាអ្នកមិនអើពើនឹងតួនាទីរបស់ខ្លួន នៅក្នុងនាមជាអ្នកតំណាងរបស់ប្រជាជនថៃ ដែលមានកាតព្វកិច្ច ត្រូវបំពេញភារកិច្ច សម្រាប់ផលប្រយោជន៍ជាតិ សុខុមាលភាពរបស់ប្រជាជន និង សន្លឹកឆ្នោតរបស់ពួកគាត់។
ជាមួយគ្នានេះ គណៈកម្មាធិការមួយនេះ ក៏បានអំពាវនាវដល់សមាជិកសភា និង ព្រឹទ្ធសភា ត្រូវតែគោរពសំឡេងរបស់ប្រជាជន ព្រោះថា កុមារក្នុងយុគសម័យអភិវឌ្ឍន៍ប្រទេស នឹងដឹកនាំប្រទេស ឆ្ពោះទៅរកការរីកចម្រើន៊។ ប៉ុន្តែសមាជិកព្រឹទ្ធសភា នឹងដឹកនាំស្រុកទេស ឲ្យដើរទៅរកគ្រោះមហន្តរាយ។ ស្របគ្នានេះដែរ អ្នកគាំទ្រគណបក្សឆ្ពោះទៅមុខ (MFP) ភាគច្រើនបំផុត បានសម្តែងនូវការខកចិត្ត ចំពោះលទ្ធផលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែពួកគេបានអះអាង ថា លទ្ធផល មិននឹកស្មានដល់នោះឡើយ។ ពួកគេបានជំរុញដល់សមាជិកសភាទាំង២ ត្រូវតែគោរពសន្លឹកឆ្នោតរបស់ប្រជាជន។
សភាទាំង២របស់ប្រទេសថៃ នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី ជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ។ បេក្ខជនដដែល ក៏នឹងនៅតែអាចឈរឈ្មោះជាថ្មី ឬ ក៏បេក្ខជនផ្សេងទៀត ត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីរបស់សភាបែបនេះ នឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនណាម្នាក់ ត្រូវទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនបានកំណត់ពីចំនួន នៃការបោះឆ្នោត ឬ កាលបរិច្ឆេទផុតកំណត់នោះឡើយ៕










