ចំណាត់ការការព្រមានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញរួមមកហើយថាសកម្មភាពថតវីដេអូបង្កប់រូបភាពមិនសមរម្យបំផ្លាញប្រពៃណីទំនៀបទម្លាប់ខ្មែរ តម្លៃស្រ្តី និងកុមារ និងប្រឈមតាមផ្លូវច្បាប់។ តែក្រុមសម្តែងមួយនេះផ្គើននឹងការប្រកាសរបស់ក្រសួងខ្លាំងណាស់ហ៊ានថតរឿងខ្លីតួសម្តែងលេងខ្លួនស៊ិចស៊ីមិនសមភ្នែកទាល់តែសោះដូចទៅនឹងរឿងក្តៅសាច់ទៅហើយ ព្រមទាំងមិនកោតខ្លាចការប្រកាសក្តែងៗរបស់ក្រសួងឡើយ។
នាពេលបច្ចុប្បន្ននៅលើបណ្តាញសង្គមគេសង្កេតឃើញថា ក្រុមផលិតវីដេអូមួយចំនួននៅបន្តសម្តែងរឿងអប់រំបង្កប់រូបភាពមិនសមរម្យបាត់បង់សេចក្តីថ្លៃថ្នូរ ត្រូវក្រសួងហៅទៅព្រមាន និងរងការរិះគន់ពីមហាជនក្តីនៅតែមានអស់ពីមួយក្រុមចូលមួយក្រុមមិនចេះអស់។ ជាក់ស្តែង នៅលើផេកមួយឈ្មោះថា «Kdey Gaming» បានផលិតវីដេអូរឿងខ្លី មួយមានចំណងជើងថា «មិត្តឬស្សា» តែតួអង្គសម្តែងស្រីបានស្លៀកពាក់មិនសមទំនងបញ្ចេញភាពស៊ិចស៊ីមិនសមភ្នែកទាល់តែសោះយកមកសម្តែងទៅវិញ។ ទង្វើនេះប្រៀបដូចជាបំផ្លាញសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ បាត់បង់តម្លៃស្រ្តីដែលមហាជនមិនអាចទទួលយកបាននោះទេ។.jpg)
អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិប្រតិកម្មចំពោះវីដេអូនោះដោយបានលើកឡើងថាតួអង្គមិនមែនមកសម្តែងរឿងទេតែមកបញ្ចេញដើមទ្រូងកណ្តាលវាលដាក់នៅលើប្រព័ន្ធផ្សព្វផ្សាយ។ អ្នកខ្លះបានលើកឡើងថា ការសម្តែងរបស់ក្រុមនេះដូចរឿងក្តៅសាច់ មិនមែនរឿងអប់រំអីនោះទេ ដើម្បីលុយអ្វីក៏ហ៊ានធ្វើទោះបីលះបង់កត្តិយសក៏ដោយ និងអ្នកខ្លះស្នើឱ្យក្រសួងមានចំណាត់ការទៅលើក្រុមផលិតនេះផងកុំឱ្យមកបំពុលសង្គមពេក។.jpg)
គួរបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចេញសេចក្តីណែនាំ និងព្រមានដល់ក្រុមផលិតមាតិកាកម្សាន្តទាំងឡាយដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ ក្នុងចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ឱ្យបញ្ឈប់ជាបន្ទាន់បើនៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានក្រសួងនឹងចាត់ការតាមផ្លូវច្បាប់។ យ៉ាងណាមិញការព្រមានរបស់ក្រសួងហាក់មិនបានធ្វើឱ្យក្រុមផលិតវីដេអូខាងលើនេះព្រឺឆ្អឹងខ្នងទាល់តែសោះមិនដឹងជាអាងអ្វីហ៊ានផ្គើននឹងក្រសួងបែបនេះ៕











