ប្រទេសដាណឺម៉ាក ៖ «Lithla Diman» គឺជាឈ្មោះកោះមួយមានទំហំតូចបំផុតក្នុងចំណោមកោះចំនួន១៨ នៅប្រជុំកោះ Faro ហើយវាស្ថិតនៅភាគខាងជើងនៃប្រទេសដាណឺម៉ាក ។ អ្វីដែលធ្វើឱ្យកោះនេះល្បីល្បាញជាងកោះផ្សេងទៀត គឺមានដុំពពកអណ្តែតនៅលើកំពូលកោះ និងមានរូបរាងដូចក្រែមដាក់លើនំខេក ។
ការពិត ដុំពពកអណ្តែតនៅពីលើកោះនេះមានរូបរាងដូចគ្នានឹងកញ្ចក់កែវ ។ វាកើតឡើងពីខ្យល់សើមបក់ពីលើកំពូលភ្នំខ្ពស់ ហើយបណ្តាលឱ្យកើតលំហូរនៃខ្យល់សំណើម និងមានរលកជាច្រើន ។ នៅពេលសីតុណ្ហភាពធ្លាក់ចុះ វាក៏បំបែកខ្លួន និងក្លាយជាបាតុភូតនេះ ។
ដុំពពកនៅលើកំពូលកោះ Lithla Diman នឹងបង្ហាញខ្លួនបែបនេះជាញឹកញាប់ ហើយពេលខ្លះ វាមានទំហំធំរហូតដល់ប៉ះនឹងផ្ទៃសមុទ្រផងដែរ ។ បើទោះជាមានដុំពពកបង្ហាញនៅលើកំពូលកោះញឹកញាប់ក្តី ប៉ុន្តែមិនមានន័យថា មនុស្សគ្រប់គ្នានឹងមានឱកាសបានឃើញទិដ្ឋភាពបែបនេះទាំងអស់ទេ ។
គួរឱ្យសោកស្តាយ កោះនេះមិនបើកទទួលភ្ញៀវទេសចរមកកម្សាន្តទេ ហើយមូលហេតុសំខាន់ គឺនៅលើកោះមិនមានដីរាបស្មើច្រើនឡើយ ហើយវាពោរពេញទៅដោយច្រាំងថ្មចោតដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗបាន ។ ប៉ុន្តែភ្ញៀវទេសចរទាំងឡាយអាចទៅកាន់កោះស្ថិតនៅក្បែរនោះ ដើម្បីទស្សនាពពកអណ្តែតនៅលើកំពូលកោះ Lithla Diman ដែលវាមានរាងដូចនំខេកនៅលើកំពូលភ្នំ ៕ ប្រភព ៖ Chiang Mai News










