ប្រទេសថៃ ៖ ភ្ញៀវទេសចរបានស្នើឱ្យអាជ្ញាធរបង្កើនសុវត្ថិភាពនៅឆ្នេរសមុទ្រប៉ាតាយ៉ា ប្រទេសថៃ ព្រោះតាំងពីខែមិថុនា គេឃើញមានក្រុមក្មេងស្ទាវមកអុកឡុកនៅទីនេះជាប្រចាំ ។ ភ្ញៀវទេសចរលើកឡើងថា ពួកគេតែងមកអង្គុយទទួលទានអាហារជុំគ្នានៅឆ្នេរនេះ ប៉ុន្តែត្រូវបានក្មេងស្ទាវមករំខាន និងរករឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតបណ្តាលឱ្យមានអ្នករងរបួស និងស្លា.ប់ទៀតផង ។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ភ្ញៀវទេសចរមួយចំនួនបានត្អូញត្អែរពីពួកក្មេងស្ទាវមករំខានប្រាប់អ្នកសារព័ត៌មាន នៅពេលពួកគេមកកម្សាន្តនៅឆ្នេរប៉ាតាយ៉ា និងឆ្នេរណាចមធៀន ខណៈភ្ញៀវទេសចរទាំងនេះបានមកអង្គុយទទួលទានអាហារ និងគយគន់ទេសភាព ។ ពួកក្មេងស្ទាវបានមកអុកឡុក និងរករឿងឈ្លោះប្រកែកគ្នា តាំងពីខែមិថុនា មកម្ល៉េះ ។
គេសង្កេតឃើញថា នាថ្ងៃឈប់សម្រាក នៅឆ្នេរប៉ាតាយ៉ា និងឆ្នេរណាចមធៀន តែងមានភ្ញៀវទេសចរជាច្រើននាក់មកអង្គុយជុំគ្នាផឹកស្រាបៀរជាក្រុមតាំងពីក្បាលព្រលប់ ក្រោយពីកន្លែងកម្សាន្តបិទទ្វារ ។ ក្រៅពីនេះ ក៏មានក្រុមក្មេងស្ទាវដែលមានអាយុមិនដល់២០ឆ្នាំ ក្នុងចំណោមនោះ ក្មេងខ្លះបានស្លៀកពាក់ឯកសណ្ឋានសិស្សមកអង្គុយផឹកស្រាបៀរផងដែរ ។
បើតាមការសាកសួរភ្ញៀវទេសចរឱ្យដឹងថា ពួកគេចូលចិត្តមកហូបអី និងផឹកស្រាបៀរនៅទីនេះក្រោយពីកន្លែងកម្សាន្តបិទទ្វារ ប៉ុន្តែនៅពេលយប់បន្តិច តែងមានក្រុមក្មេងស្ទាវមករំខាន និងបង្កជម្លោះជាប្រចាំ ។ ហេតុនេះ ពួកគេសំណូមពរទៅអាជ្ញាធរប៉ូលិស និងភ្នាក់ងារពាក់ព័ន្ធចុះមកត្រួតពិនិត្យនៅតំបន់នេះឱ្យបានតឹងរ៉ឹង ដើម្បីផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅប៉ាតាយ៉ា ៕ ប្រភព ៖ khaosod










