ប្រទេសឡាវ ៖ ការធ្លាក់ថ្លៃប្រាក់គីប និងអតិផរណាកើនឡើងនាពេលបច្ចុប្បន្ន គឺជាកម្លាំងជំរុញសំខាន់ដែលធ្វើឱ្យពលរដ្ឋឡាវចេញទៅស្វែងរកការងារធ្វើនៅប្រទេសជិតខាង ។ ពលរដ្ឋឡាវទាំងនេះទទួលបានប្រាក់ខែខ្ពស់ជាងធ្វើការនៅប្រទេសរបស់ខ្លួន ហើយធ្វើឱ្យប្រទេសឡាវប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្ម ។
សមាជិករដ្ឋសភាបានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងជាងមុនដើម្បីដោះស្រាយបញ្ហាអតិផរណា និងអត្រាប្តូរប្រាក់កើនឡើងជាបន្តបន្ទាប់ ដើម្បីសម្រាលទុក្ខលំបាករបស់ពលរដ្ឋដែលចំណាយខ្ពស់ក្នុងការរស់នៅ បើធៀបនឹងប្រាក់ខែតិច ។ សមាជិករដ្ឋសភាបញ្ជាក់ថា កម្លាំងពលកម្មក្នុងស្រុក គឺជាឆ្នឹងខ្នងរបស់ប្រទេសឡាវ ហើយការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង នឹងធ្វើឱ្យមានផលអវិជ្ជមានចំពោះការព្យាយាមធ្វើឱ្យសេដ្ឋកិច្ចមានស្ថេរភាព ។
អត្រាអតិផរណានៅប្រទេសឡាវបានកើនឡើងតាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ដោយកើនឡើងពី៦,២៥% នៅខែមករា ឆ្នាំ២០២២ មកស្មើនឹង៤១,២៦% នៅខែកុម្ភៈ ឆ្នាំ២០២៣ ។ តាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិបង្ហាញថា អត្រាអតិផរណារបស់ឡាវ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ បានធ្លាក់ចុះបន្តិចមកស្មើនឹង៤០,៩៧% នៅខែមីនា, ៣៩,៨៩% នៅខែមេសា, ៣៨,៨៦% នៅខែឧសភា និងធ្លាក់ចុះមកស្មើ២៨,៦៤% នៅខែមិថុនា ឆ្នាំ២០២៣ ក្រោយពីវាបានឡើងដល់កំពូលរបស់អត្រាអតិផរណានៅខែកុម្ភៈ ។
លោក Oudet Souvannavong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិ បានថ្លែងក្នុងកិច្ចប្រជុំ Lao Business Forum ប្រចាំឆ្នាំលើកទី១៤ ថា ការចំណាយប្រចាំថ្ងៃបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ហើយវាបានបង្កើតបញ្ហាប្រឈមដ៏ធំសម្រាប់អាជីវកម្មផ្សេងៗក្នុងការស្វែងរកបុគ្គលិក និងជំរុញការនាំចេញផលិតផល ។ ពលរដ្ឋឡាវជាច្រើននាក់បានធ្វើដំណើរចេញពីប្រទេសឡាវ ដើម្បីទៅធ្វើការនៅប្រទេសជិតខាងដែលផ្តល់ប្រាក់ខែឱ្យពួកគេខ្ពស់ ។ លើសពីនេះ កសិករជាច្រើនបានបោះបង់ស្រែចម្ការរបស់ខ្លួន ឬដាំដំណាំតិចជាងមុន ដោយសារការចំណាយដើមទុនខ្ពស់ ។
តាមការស្រាវជ្រាវបញ្ជាក់ថា នៅឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅឡាវ គឺតិចជាងថៃជិត៤ដងឯណោះ ហើយមូលហេតុចម្បងដោយសារប្រាក់គីបធ្លាក់ថ្លៃ ។ តាមរបាយការណ៍របស់ក្រសួងការងារប្រចាំខែមេសា ឆ្នាំ២០២៣ បង្ហាញថា កាលពីឆ្នាំ២០២២ មានពលរដ្ឋឡាវចំនួន៥០០.៧១២នាក់បានទៅធ្វើការនៅក្រៅប្រទេស ។ ចំណែកនៅឆ្នាំ២០២៣ នេះ ពលរដ្ឋឡាវមានជំនាញបានទៅធ្វើការនៅក្រៅប្រទេស ចំនួន៣១.៣៩៤នាក់ ក្នុងនោះពលរដ្ឋជាង៣០.២០០នាក់បានទៅធ្វើការនៅថៃ ៕
ប្រភព ៖ AEC connect










