តារាចម្រៀងរូបសង្ហា ចេន និងជាសមាជិកក្រុម Nevrmind BAND បានបង្ហោះសាររំភើបចិត្តខ្លាំងព្រោះក្តីស្រមៃពេញមួយជីវិតនៃការលះបង់ជាមួយតន្រ្តីបានក្លាយជាការពិតហុចផលមកវិញ ដោយក្រុមតន្រ្តីរបស់លោកនឹងតំណាងប្រទេសកម្ពុជាចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ នៅខែតុលា ខាងមុខនៅប្រទេសឥណ្ឌូនេស៊ី។
ជាមួយអារម្មណ៍រីករាយនេះនៅលើបណ្តាញសង្គម ចេន បានសរសេរយ៉ាងដូច្នេះថា« ថ្ងៃដែលរង់ចាំពេញមួយជីវិតនៃការលះបង់ជាមួយតន្រ្តីដែលជាក្តីស្រមៃរបស់ខ្ញុំគឺបានមកដល់ហើយ ដើម្បីប្រទេសជាតិរបស់ខ្ញុំ ក្រុមតន្រ្តីតំណាងប្រទេសកម្ពុជាយើងទៅសម្តែងនៅINDONESIA»។
ម្ចាស់បទ «ស្រដៀងសង្សារ» លើកឡើងខាងលើនេះក្រោយលោកមានកិច្ចប្រជុំពិភាក្សានៅថ្ងៃទី២៧ ខែមិថុនា ជាមួយ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងការរៀបចំ និងជ្រើសរើសក្រុមតន្ត្រីតំណាងប្រទេស ដើម្បីចូលរួមមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023) ដែលនឹងមានការសម្ដែងនិងផ្សាយផ្ទាល់តាមរយៈបណ្ដាញទូរទស្សន៍ KBS កូរ៉េ នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ពីពហុកីឡដ្ឋាននៃទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី។
ជាមួយដំណឹងនេះដែរ អ្នកគាំទ្រជាច្រើនបានចូលទៅខំមិនសម្តែងក្តីត្រេកអរចំពោះតារាចម្រៀង ចេន និងក្រុមរបស់លោកដែលមានឱកាសចេញទៅសម្តែងនៅក្រៅប្រទេសក្នុងនាមតំណាងប្រទេសកម្ពុជាផងដែរ៕