សម័យប្រព័ន្ធផ្សព្វផ្សាយពិតជាអាវុធមុខ២ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ បើប្រើត្រូវក្លាយជារឿងល្អតែបើប្រើមិនត្រូវពិតជាមានគ្រោះថ្នាក់ណាស់ ជាពិសេសបច្ចុប្បន្នមានការប្រើបណ្តាញសង្គមច្រើនធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិងអ្នកលក់ផលិតផលមួយចំនួនចូលចិត្តបង្កើតទីផ្សារដោយមិនមានសីលធម៌ប្រើបណ្តាញសង្គមជេរប្រទេចគ្នា ហែកហួរក្នុងគ្រួសារ ជេរប្រមាថអ្នកក្រ បង្កើតរឿងយ៉ាងណាឱ្យតែផ្ទុះបើទោះបីជាត្រូវដឹងថាសាធារណៈជនជេរទក់សាច់យ៉ាងណាក៏មិនខ្ចីខ្វល់ហើយស្ទាយ៍បែបនេះគេសង្កេតឃើញថាមានច្រើនគួរឱ្យកត់សម្គាល់នៅលើបណ្តាញសង្គមហ្វេកប៊ុក។
សកម្មភាពទីផ្សារបែបទង្វើអសីលធម៌ បំពុលសង្គមរបស់ជនទាំងនោះ គ្មានភាពខ្មាសអៀននេះអ្នកលេងបណ្តាញសង្គមភាគច្រើននាពេលនេះក៏ចាប់ផ្តើមមានវិធានការមិនគាំទ្រ ផលិតផលដែលប្រូម៉ូតដោយទង្វើមិនស្អាតស្អំដល់អតិថិជន។ ក្នុងនោះក៏មានអ្នកសិល្បៈជាច្រើនរូបបង្ហាញទស្សនៈចំពោះរឿងនេះដូចគ្នាទៅបុគ្គលចូលចិត្តបង្កើតសាច់រឿងឱ្យមហាជនជេររួចអាងប្រើពាក្យសូមទោស។
តារាចម្រៀង Original Song រូបសង្ហា ចេន ដែលមហាជនស្គាល់យ៉ាងទូលំទូលាយម្ចាស់បទ «អាក្របី» និងបទចុងក្រោយនេះមានចំណងជើងថា «ស្រដៀងសង្សារ» ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដែលធ្វើឱ្យមានមតិជាច្រើនគាំទ្រនូវការលើកឡើងរបស់តារាចម្រៀងរូបនេះ។
ចេន បានសរសេរនៅលើបណ្តាញសង្គមបានលើកឡើងកាលពីពេលថ្មីៗនេះថា «បើជ្រុលជាលែងឈឺហើយ… លះបង់កត្តិយសខ្លួនឯងហើយ… ចូរធ្វើដើម្បីសង្គមប្រសើរជាងលះបង់កិត្តិយសធ្វើដើម្បីផលប្រយោជន៍ខ្លួនឯង។ អ្នកត្រូវចាំថាសង្គមគឺជាផ្ទះមួយដែលផ្តល់ជំរកឱ្យអ្នកចាប់តាំងពីថ្ងៃដែលអ្នកចាកចេញពីស្រុកបាតដៃទទេ រហូតស៊ូដល់មានបានគឺមិនមែនដើម្បីឱ្យមើលងាយនរណាម្នាក់ឡើយ គឺដើម្បីជាគំរូទៅដល់អ្នកដែលគាត់ចេញពីស្រុកដូចអ្នក តស៊ូក្រោយអ្នកឃើញគំរូអ្នកជាកម្លាំងចិត្ត…( មិនមែនចេញពីកន្លែងតែមួយមើលងាយកន្លែងតែមួយចឹងទេ)។ យើងមិនអាចរស់នៅដោយគិតប្រយោជន៍គ្រប់ពេលវេលារហូតទេ យើងត្រូវការការសាមគ្គីជាចាំបាច់សម្រាប់ប្រទេសជាតិយើងរីកចម្រើន» ។
គួរបញ្ជាក់ផងដែរថា ការដែលតារាចម្រៀង ចេន បោះសំដីនេះគឺស្របពេលដែលបុរសម្នាក់ជាអ្នកប្រូម៉ូតផលិតផលអនឡាញ ហ៊ានប្រើពាក្យប្រមាថអ្នកស្រែត្រូវគេជេរពេញប្រទេសដើម្បីតែចង់ល្បីដោយគ្មានភាពអៀនខ្មាសនៅក្នុងខ្លួន៕










