កូរ៉េខាងត្បូង៖ ថ្មីៗនេះតារាចម្រៀង K-pop នារីដ៏ល្បីវ័យ ២៣ឆ្នាំ កញ្ញា Karina ប្រធានក្រុម Aespa ត្រូវបានអ្នកគាំទ្រជនជាតិចិនសម្រុកវាយប្រហារយ៉ាងខ្លាំងក្លាបន្ទាប់ពីនាងបានណែនាំគំនូរជីវចលដ៏ពេញនិយមរបស់ជប៉ុនដែលបច្ចុប្បន្នត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន។
យោងតាមប្រភពព័ត៌មាន Allkpop នៅថ្ងៃទី២៣ ខែមិថុនា បានឱ្យដឹងថា តារាចម្រៀងសាច់ស Karina បានណែនាំអ្នកគាំទ្ររបស់នាងឱ្យមើលគំនូរជីវចល My Hero Academia ដ៏ពេញនិយមរបស់ជប៉ុន នៅក្នុងកម្មវិធី Bubble (ដែលជាកម្មវិធីសម្រាប់ជជែកកំសាន្តជាមួយសិល្បករ និងអ្នកគាំទ្រ) ភ្លាមៗនោះដែរអ្នកគាំទ្រដែលជាជនជាតិចិនជាច្រើននាក់បានមានប្រតិកម្មទៅលើ Karina និងរិះគន់ចំៗយ៉ាងទូលំទូលាយនៅក្នុងបណ្តាញសង្គមចំពោះគំនូរជីវចលនេះ។
My Hero Academia គឺជាគំនូរជីវចលដ៏ពេញនិយមបំផុតរបស់ជប៉ុនដែលបច្ចុប្បន្នត្រូវបានហាមឃាត់យ៉ាងតឹងរឹងនៅក្នុងប្រទេសចិន។ ដោយសារតែគំនូរជីវចលនេះ និយាយអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃសង្រ្គាមចិនរវាងជប៉ុន ដែលកងទ័ពជប៉ុនចាប់កងទ័ពចិនទៅដាក់ទោសក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ និងឆ្នាំ ១៩៤០ ។
បន្ទាប់ពី Karina បានណែនាំគំនូរជីវចលនេះដល់អ្នកគាំទ្ររបស់នាងនៅលើកម្មវិធី Bubble រួច អ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានធ្វើការទាមទារឱ្យនាងចេញមុខសូមទោសប្រជាជនចិនជាសារធារណៈ និងបានហាមប្រាមនាងមិនឱ្យធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសចិនទៀតទេ។ ទោះជាណាក៏ដោយខាងផលិតកម្មនិងអ្នកគ្រប់គ្រងរបស់ Karina មិនទាន់ចេញមុខបកស្រាយនឹងបញ្ហានេះទេ។
គួរបញ្ជាក់ដែរថា Aespa គឺក្រុមចម្រៀងនារី K-pop ដ៏ល្បីល្បាញដែលមានសមាជិក ៤នាក់ នឹងស្ថិតនៅក្រោមផលិតយក្ស SM Entertainment៕