ដើមត្នោត គឺជារុក្ខជាតិមួយប្រភេទដែលមានច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះវាក៏ជារុក្ខជាតិដ៏អស្ចារ្យមួយដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរយើងផងដែរ។ ដើមត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ដែលដើរតួរយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរនាពេលសម័យមុន រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះដើមត្នោតក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សំរាប់ឱ្យមនុស្ស យកទៅកែច្នៃធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ដើមត្នោត៖
១.ទឹកត្នោត៖ ទឹកត្នោតមានអត្ថប្រយោជន៍ជាច្រើនដូចជា អាចយកទៅពិសារបែបធម្មតាក៏បាន យកទៅធ្វើជាស្ករត្នោតក៏បាន និងអាចផលិតទៅជាទឹកត្នោតជូរ ឬទឹកខ្មេះជាដើម។ រីឯផ្លែត្នោតខ្ចីៗអាចយកទៅធ្វើជាបង្អែម ឬបន្លែសម្លកកូរដែលមានរសជាតិឈ្ងុយឆ្ងាញ់, ចំណែកផ្លែត្នោតខ្ចីល្មមវិញ ក៏គេអាចយកទៅកាប់យកសាច់វាមកទទួលទាន ឬធ្វើបង្អែមបបរត្នោតបានយ៉ាងឆ្ងាញ់ពិសារថែមទៀតផង។![ᗪᒍᖇOTᕼ ᖴKᗰ TEᗩᗰ] រាំវង់បំពង់ទឹកត្នោតជូរ យូៗគេដាក់មួយតយ ???????? & Star69 WTF 2020 - YouTube](https://i.ytimg.com/vi/LeGVNT6R3Kw/maxresdefault.jpg)
២.ផ្លែត្នោតទុំ៖ ជាទូទៅគេយកត្នោតទុំទៅឱ្យគោ ឬក៏យកទៅធ្វើជានំត្នោត ឬចាហួយត្នោតក៏បាន សូមបញ្ជាក់ថាផ្លែត្នោតទុំ កាលពីសម័យ ប៉ុល ពត ប្រជាពលរដ្ឋដែលអត់បាយក៏អាចយកត្នោតទុំទៅដុតហូបជំនួសបាយបានផងដែរ។
៣.គ្រាប់ត្នោត៖ ប្រជាជនខ្មែរ តែងតែយកគ្រាប់ត្នោតទៅបណ្តុះក្នុងថ្នាលរយៈពេលមួយសប្តាហ៍ទៅ១០ថ្ងៃ រួចដកវាមកកាប់ពុះយកកំពីងគ្រាប់ត្នោតមកទទួលទាន ឬក៏ឆឹងហូបជាមួយស្ករក៏បាន ចំណែកកូនត្នោតតូចៗទើបតែលាស់សន្លឹក ក៏អាចដកវាយកទៅស្ងោរហូប ឬក៏ស្ងោរលក់នៅក្នុងពិធីបុណ្យទានផ្សេងៗក្នុងភូមិ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ផងដែរ។
៤.ស្លឹកត្នោត៖ ស្លឹកត្នោតអាចកាប់យកទៅដេរប្រក់លំនៅដ្ឋាន និងធ្វើសំណង់ផ្សេងៗ ឬអាចយកទៅធ្វើជាកន្ទេល ធ្វើជាមួក ធ្វើស្មុក ធ្វើកន្ត្រក ធ្វើផ្លិត ខ្ចប់នំ និងធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗជាច្រើនទៀត…។
៥.ធាងត្នោត៖ ធាងត្នោតអាចយកទៅធ្វើជាខ្សែចងគោ ឬធ្វើជាចំណងចងរបង និងចងរបស់របរផ្សេងៗជាដើម គាវត្នោតក៏អាចយកទៅដំយកជក់របស់វា មកធ្វើជាអំបោស បានផងដែរ។
៦.ដើមត្នោត៖ ដើមត្នោតអាចយកទៅធ្វើជាឧបករណ៍ប្រើប្រាស់ដូចជា ធ្វើទូកសម្រាប់ជិះលេងកម្សាន្ត ធ្វើចាន ឆ្នាំង ស្លាបព្រា វែក ថាស ចានស្រាក់ ត្បាល់ អង្រែ ពែងតែ ឬធ្វើជាគ្រឿងសង្ហារឹម ដូចជាតុ ទូ កៅអី គ្រែ និងគ្រឿងលម្អផ្សេងៗសម្រាប់ដាក់តាំងក្នុងគេហដ្ឋានជាដើម…៕










