ប្រទេសអៀរឡង់ ៖ រដ្ឋាភិបាលអៀរឡង់បានប្រកាសថា នឹងផ្តល់ថវិកាឱ្យពលរដ្ឋណាដែលយល់ព្រមទៅរស់នៅតាមកោះប្រមាណ៣០ នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអៀរឡង់ និងមានលក្ខខណ្ឌកំណត់ផ្សេងៗ ។ ការប្រកាសឱ្យពលរដ្ឋទៅរស់នៅតាមកោះនេះ ដោយសាររដ្ឋាភិបាលមានបំណងអភិវឌ្ឍន៍កោះទាំងនេះឱ្យក្លាយជាទីប្រជុំជន ។
គម្រោងនេះមានឈ្មោះថា «Our Living Islands» ហើយអ្នកផ្លាស់ទីលំនៅទៅរស់នៅលើកោះ នឹងទទួលបានប្រាក់ប្រមាណ៩២.០០០ដុល្លារអាមេរិកក្នុងម្នាក់ ។ កោះទាំងនេះមានទេសភាពស្រស់ស្អាត ប៉ុន្តែមានពលរដ្ឋរស់នៅតិចតួចប៉ុណ្ណោះ ខណៈពិបាកក្នុងការធ្វើដំណើរ និងការទំនាក់ទំនងមកកាន់ទីក្រុង ពីព្រោះគ្មានស្ពានតភ្ជាប់ទីក្រុងទៅកាន់កោះនានាទេ ហើយខ្យល់ខ្លាំង ក៏ជាឧបសគ្គក្នុងការធ្វើដំណើរផងដែរ ។
ក្នុងចំណោមកោះចំនួន៣០ ស្ថិតនៅក្រោមគម្រោងនេះ មានកោះជាច្រើនគួរឱ្យចង់រស់នៅ ព្រោះមានទេសភាពស្រស់ស្អាតអាចថតខ្សែភាពយន្តបាន ខណៈកោះខ្លះទៀតជាកន្លែងសម្រាប់ការប្រកួតកីឡាផងដែរ ។ រដ្ឋាភិបាលប្រកាសថា គោលដៅរបស់គម្រោងនេះ គឺដើម្បីបង្កើនចំនួនពលរដ្ឋរស់នៅលើកោះ និងឱ្យកោះក្លាយជាទីប្រជុំជនដូចនៅទីក្រុងដែរ ហើយគម្រោងនេះនឹងចាប់ផ្តើមចុះឈ្មោះអ្នកចាប់អារម្មណ៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ តទៅ ។
គោលដៅមួយទៀតរបស់គម្រោងនេះ គឺកែលម្អលំនៅឋាន និងអគារចាស់ៗនៅលើកោះដែលគ្មានការប្រើប្រាស់ផងដែរ ។ អ្នកចូលមករស់នៅថ្មីនឹងទទួលបានថវិកាឧបត្ថម្ភពីរដ្ឋាភិបាលសម្រាប់ការជួសជុល និងតុបតែងអគាររស់នៅក្នុងរយៈពេលវែង ។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសហគមន៍ លោកស្រី Heather Humphrey បានថ្លែងថា ៖ «លទ្ធផលរបស់គម្រោងនេះ យើងនឹងបានឃើញពលរដ្ឋមករស់នៅលើកោះកាន់តែច្រើន ហើយពួកគេអាចធ្វើការរកប្រាក់ចំណូលលើកោះទាំងនេះ» ។
ការឧបត្ថម្ភថវិកាសម្រាប់អ្នកមករស់នៅលើកោះ គឺពួកគេត្រូវទិញដីធ្លី ឬអគារនៅលើកោះ ។ អគារនេះត្រូវសាងសង់នៅមុនឆ្នាំ១៩៩៣ ហើយជាអគារគ្មានមនុស្សរស់នៅយ៉ាងតិច២ឆ្នាំ ។ ចំណែកថវិកាទទួលបានពីរដ្ឋាភិបាល ពលរដ្ឋត្រូវយកមកជួសជុល និងតុបតែងអគារជាថ្មី ។ រីឯជនបរទេសជាម្ចាស់ដីធ្លី និងមានទ្រព្យសម្បត្តិនៅលើកោះប្រទេសអៀរឡង់ មិនមែនបញ្ជាក់ថា ពួកគេទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅប្រទេសអៀរឡង់ទេ ៕ ប្រភព ៖ Thansettakij










