នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែនបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពគ្រប់គ្រងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នៅភ្នំពេញ។
រោងចក្រនេះ បានសាងសង់នៅលើផ្ទៃដី ១៥ហិកតា ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានសមត្ថភាពផលិតសរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
រោងចក្រផលិតទឹកស្អាតនេះ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។
រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ចំណាយថវិការសាងសង់សរុប២០០លានដុល្លារ ដែលមានសមត្ថភាពបន្ថែមលើការផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំងបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៧០,០០០គ្រួសារ និងជួយដោះស្រាយបញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់ជាយរាជធានីភ្នំពេញ និងសង្កាត់ចំនួន៣ នៅក្រុងតាខ្មៅ។
ដោយឡែកររោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបានចំណាយថវិការ១៨០លានដុល្លារ នឹងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា ក្រោយរោងចក្រផលិតទឹកស្អាតបាក់ខែងទាំង២ជំហាន សាងសង់រួចជាស្ថាពរ នឹងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកល្អប្រសើរ ព្រមទាំងបានបិទបញ្ចប់នូវទិន្នាការកង្វះខាតទឹកស្អាតក្នុងពេលបច្ចុប្បន្ន ត្រឹមដើមឆ្នាំ២០២៤៕













