រដ្ឋធានីកៀវ៖ ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីការវាយប្រហារដ៏ខ្លាំងក្លា អំពីកម្លាំងទាហានរបស់ក្រុងមូស្គូ ទៅលើទីក្រុងគ្រីវយីរី (Kryvyi Rih) ដោយបានសម្លាប់មនុស្សយ៉ាងតិច ចំនួន១១នាក់ និង រងរបួស ២៨នាក់នោះមក កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ក៏បានបាញ់ផ្លោង តបតទៅវិញ ធ្លាក់ចូលទៅលើទឹកដីរបស់រុស្ស៊ី បណ្ដាលឲ្យផ្ទះសម្បែងជាច្រើនខ្នង រងការខូចខាត និង រំខានដល់ការផ្គត់ផ្គង់ថាមពល និង ហ្គាស ផងដែរ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី១៣ ខែមិថុនា ថា ក្រុមមន្រ្ដីក្រុងកៀវ បានអះអាង ថា កងទ័ពរបស់ក្រុងមូស្គូ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ បានវាយប្រហារដ៏ខ្លាំងក្លា មកលើទីក្រុងគ្រីវយីរី ស្ថិតនៅភាគកណ្ដាលរបស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស យ៉ាងតិចចំនួន១១នាក់ និង មនុស្សចំនួន២៨នាក់ផ្សេងទៀត បានរងរបួស។
អាជ្ញាធរយោធាអ៊ុយក្រែន បានបញ្ជាក់ ថា ប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ កាលពីព្រឹកព្រលឹម ថ្ងៃអង្គារ បានធ្វើសកម្មភាព ទប់ស្កាត់នូវការវាយប្រហារតាមអាកាសរបស់រុស្ស៊ី មកលើតំបន់រដ្ឋធានីកៀវ។
ស្របគ្នានេះដែរ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង ថា «ខ្ញុំសូមអរគុណដល់កងទ័ពរបស់យើង សម្រាប់ការនាំទង់ជាតិរបស់អ៊ុយក្រែន វិលត្រឡប់ទៅកាន់ភូមិឋាននានា ទើបនឹងរំដោះបាន ខណៈកងកម្លាំងរបស់ក្រុងកៀវ បានអះអាង អំពីការវាយដណ្តើមបានភូមិចំនួន៧ នៅក្នុងការវាយបក ប្រឆាំងនឹងកម្លាំងទាហានរបស់រុស្ស៊ី។
ដោយឡែក លោក រ៉ូម៉ាន់ ស្ដារ៉ូវ៉ូយ (Roman Starovoyt) អភិបាលតំបន់ឃើសខ៍ (Kursk) បានអះអាង ថា កងទ័ពរបស់ក្រុងកៀវ បានបាញ់ផ្លោង ដាក់មកលើភូមិជាច្រើន ហើយបានធ្វើឲ្យខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងទីក្រុងឃើសខ៍ ប្រទេសរុស្ស៊ី ស្ថិតនៅជាប់ព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែន។ សកម្មភាពបែបនេះ បានរំខានដល់ការផ្គត់ផ្គង់ហ្គាស និង អគ្គិសនី នៅក្នុងភូមិទាំងនោះ។
ស្របពេលការវាយបករបស់កងទ័ពអ៊ុយក្រែន កំពុងតែចាប់ផ្ដើមដំណើរការ ប្រឆាំងនឹងទាហានរុស្ស៊ី នោះ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាក់ ថា ក្រុងមូស្គូ កំពុងតែលុបចោលនូវកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការជាមួយនឹងអ៊ុយក្រែន ស្តីអំពីការប្រើប្រាស់សមុទ្រអាហ្សូវ (Azov) និង ច្រកសមុទ្រឃើច (Kerch)។ កិច្ចព្រមព្រៀងនោះ បានចុះហត្ថលេខា នៅក្នុងឆ្នាំ២០០៤ រវាងក្រុងកៀវ និង ក្រុងមូស្គូ ហើយបានព្យាយាមធានាឱ្យភាគីទាំងពីរ ទទួលបានកិច្ចសហការគ្នា លើការប្រើប្រាស់សមុទ្រអាហ្សូវ និង ច្រកសមុទ្រឃើច (Kerch) ដោយគ្មានជម្លោះណាមួយនោះឡើយ៕










