ស្ថាប័ន Miss Grand Cambodia 2023 បានប្រកាសជាសាធារណៈនៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដកបេក្ខភាព កែវ ស្រីលីន តំណាងខេត្តកំពតព្រោះតែហេតុផលចំនួន២ធំៗ ខណៈស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាបានព្យាយាមទុកឱកាសឱ្យជាច្រើនដង។
ចំពោះមូលហេតុនៃការដកបេក្ខភាព កែវ ស្រីលីន ទី១ ដោយសារតែបេក្ខនារីរូបនេះមិនគោរពតាមគោលការណ៍ និង លក្ខខណ្ឌកុងត្រារបស់ក្រុមហ៊ុន។ មូលហេតុទី២ កែវ ស្រីលីន មិនគោរពពេលវេលា ពិបាកក្នុងការទំនាក់ទំនង ហើយសា្ថប័ន Miss Grand នឹងរៀបចំធ្វើទៅតាមផ្លូវច្បាប់តាមការចែងក្នុងកុងត្រា។
ដំណឹងនៃការប្រកាសដកបេក្ខភាព កែវ ស្រីលីន ចេញពីកម្មវិធី Miss Grand Cambodia 2023 ក៏មានអ្នកគាំទ្រវិស័យនេះបង្ហាញការសោកស្តាយដែរព្រោះគេរំពឹងថានាងនឹងអាចចូលTop នៅក្នុងកម្មវិធីជាក់ជាមិនខាន ព្រោះនាងជាអតីតលំដាប់រងទី៣ កាលពី Miss Grand Cambodia 2022 ។
ជាមួយគ្នានឹងការដក កែវ ស្រីលីន ចេញពីកម្មវិធី ព្រោះមិនគោរពវិន័យ ពេលវេលា ទាំងដែលក្រុមហ៊ុនផ្តល់ឱកាសឱ្យជាច្រើនដងក៏មានពាក្យចចាមអារ៉ាមលើបណ្តញសង្គមថាមានការជំពាក់រហូតម្ចាស់បំណុលបង្ហោះនៅលើហ្វេកប៊ុកទៀតផង៕










