ពិតជាមានមោទភភាពណាស់សម្រាប់ប្រជាជនកម្ពុជានៅពេលឃើញកីឡាការិនីប៉ារ៉ាហ្គេមរបស់កម្ពុជា២រូបរួមមាន កីឡាការិនី វិត ចន្ថា និង កីឡាការិនី ងួន រតនា អាចរកមេដាយច្រើនជូនជាតិមាតុភូមិ។
កីឡាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កំពុងប្រកួតយ៉ាងស្វិតស្វាញនៅរាជធានីភ្នំពេញ ប្រកបដោយឆន្ទៈមោះមុតដោយអត្តពលិកមានពិការភាពបេ្តជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្វែងរកមេដាយជូនជាតិ។ ក្នុងនោះកីឡាការិនីកម្ពុជា២រូបធ្វើឱ្យប្រជាជនទាំងមូលសម្តែងនូវអារម្មណ៍មោទនភាពយ៉ាងក្រៃលែងដោយពួកគេប្រឹងប្រែងប្រកួតយ៉ាងខ្លាំងដែលអាចដណ្តើមបានមេដាយច្រើនក្នុងព្រឹត្តិការណ៍នេះផងដែរ។
កីឡាការិនី ងួន រតនា រកបានមេដាយ៣គ្រឿង ក្នុងវិញ្ញាសារត់ចម្ងាយ ក្នុងនោះបានឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសា រត់ចម្ងាយ ១៥០០ម៉ែត្រ T64 និងឈ្នះមេដាយប្រាក់ ២ ក្នុងវិញ្ញាសា រត់ចម្ងាយ៤០០ម៉ែត្រ T64 និង៨០០ម៉ែត្រ T64 សរុបទាំងអស់ទទួលបានមេដាយ៣គ្រឿងតែម្នាក់ឯង។
ចំណែកឯ កីឡាការិនី វិត ចន្ថា វិញបានឈ្នះមេដាយមាស៣គ្រឿងតែម្នាក់លើវិញ្ញាសា លោតចម្ងាយT64 , រត់ចម្ងាយ៤០០ម៉ែត្រ T64 និងរត់ចម្ងាយ២០០ម៉ែត្រ T64 ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមវេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា ស្ថិតនៅលេខរៀងទី៨ក្នុងចំណោម១១ប្រទេស រកបានមេដាយសរុប៥៤គ្រឿង ក្នុងនោះមានមេដាយមាស៨គ្រឿង ប្រាក់១៦គ្រឿង និងសំរឹទ្ធ៣០គ្រឿង ខណៈប្រទេសឥណ្ឌូនេស៊ីឈរលេខរៀងទី១ រកបានមេដាយសរុបចំនួន២៨៣គ្រឿង៕










