ល្អាងភ្នំក្រពើ គឺជារមណីយដ្ឋានទេសចរណ៍ដែលស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបង ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយមានចម្ងាយប្រហែល១៧គីឡូម៉ែត្រ ពីសាលាខេត្ដបាត់ដំបង។
ល្អាងនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ទៅកំសាន្ដ ពីព្រោះវានៅមិនខ្ពស់ពីដីដែលមាន កំពស់ប្រហែលជា ៤ ទៅ ៥ម៉ែត្រ ពីជើងភ្នំប៉ុណ្ណោះ។ ជាពិសេសទៅទៀតនោះ គឺវាមានកាំជណ្ដើរឡើងទៅដល់កំពូលភ្នំដែលមាន ព្រះវិហារមួយ ហើយពីលើកំពូលភ្នំនេះយើងអាចស្រូបយកខ្យល់បរិសុទ្ធនិងទស្សនានូវទេសភាពយ៉ាងល្អ ត្រកាលដែលនៅជុំវិញភ្នំក្រពើនេះ។ មិនតែប៉ុណ្ណោះល្អាងនេះមានខ្យល់អាកាសបរិសុទ្ធល្អត្រជាក់ មានទីធ្លាធំទូលាយ និងផ្ទាំងថ្មធំៗសំរាប់សំរាកលំហែកាយ។
បើយោងតាមរឿងព្រេងបុរាណខ្មែរយើងមានរឿងដំណាលក្នុងប្រជុំ រឿងព្រេងខ្មែរ គឺរឿងព្រះចៅរាជកុល និងនាងរំសាយសក់ ដែលស្តាប់ទៅប្រហាក់ប្រហែលនឹងភ្នំសំពៅដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា នៅលើភ្នំនេះ ក្រៅពីមានល្អាង ក៏នៅមានបឹង ព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំផងដែរ៕


រូបភាព៖ solo landscapes










