នាពេលបច្ចុប្បន្ន ក្រដាសប្រាក់គឺជារូបិយប័ណ្ណដ៏ពេញនិយមបំផុតសម្រាប់ការទូទាត់ទិញដូរទំនិញ និងផលិតផលនានា ខណៈការទូទាត់តាមប្រព័ន្ធធនាគារក៏កំពុងមានដំណើរការទីផ្សារយ៉ាងខ្លាំងផងដែរ។ ដូច្នេះហើយតើអ្នកដឹងទេ? តើប្រទេសណាដែលបានបង្កើតឱ្យមានក្រដាសប្រាក់មុនគេបង្អស់?
នាសម័យរាជវង្សថាង (Tang dynasty) ដែលគ្រប់គ្រងដោយទឹកដីចិនចាប់ពីគ្រិស្ដសករាជ ៦១៨-៩០៧ ប្រជាជនចិនបានបង្កើតឱ្យមានក្រដាសប្រាក់ជាលើកដំបូងសម្រាប់ការចាយវាយ និងទូទាត់ទំនិញជួញដូរនានា។ ក្រដាសប្រាក់លើកដំបូងនេះមានទម្រង់លក្ខណៈដូចជាក្រដាសសៀវភៅដែរ ប៉ុន្តែមានសរសេរចំនួនលេខ និងអក្សរចិនបុរាណ ហើយត្រូវតែមានបោះត្រាហ្លួងពណ៌ក្រហម ខណៈត្រានេះមិនអាចមានអ្នកក្លែងបន្លំបានឡើយ ព្រោះរាល់ត្រារបស់ព្រះរាជាចិនទាំងឡាយសុទ្ធតែធ្វើអំពីគជ់ថ្ម។
ប្រជាជនចិននាសម័យនោះ បានប្រើប្រាស់ក្រដាសប្រាក់នេះសម្រាប់ទិញដូរទំនិញ ទិញដីស្រែ ដែលអាចខ្ចីសងទៅមកបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រដាសប្រាក់ខាងលើនេះមិនសូវមានអ្នកប្រើប្រាស់យ៉ាងទូលំទូលាយដូចពេលបច្ចុប្បន្ននោះឡើយ។ ដោយពីជំនាន់មុនប្រជាជនចិនភាគច្រើននិយមចាយវាយ លើដុំមាស ឬដុំប្រាក់ជាដើម ខណៈដែលក្រដាសប្រាក់ត្រូវបានប្រើប្រាស់ភាគច្រើននៅតាមតំបន់ដាច់ស្រយ៉ាល ឬតំបន់ណាដែលមិនសូវមានមាស ឬប្រាក់ ប៉ុណ្ណោះ។
រហូតដល់គ្រិស្ដសករាជ ១៦៦១ ទើបប្រទេសស៊ុយអែតចាប់ផ្ដើមបង្កើតធនាគារបោះពុម្ពក្រដាសប្រាក់ ឬលុយជាលើកដំបូង ដើម្បីផលិតជាក្រដាសប្រាក់សម្រាប់ចាយវាយពាសពេញទ្វីបអឺរ៉ុប និងបានបន្តសាយភាយពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ៕










