ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែឧសភា លោក Chuwit Kamolvisit ជាអ្នកនយោបាយ និងអតីតសមាជិកសភាតំណាងរាស្ត្រប្រទេសថៃ បានធ្វើយុទ្ធនាការប្រឆាំងនឹងការលក់កញ្ឆាដោយសេរីនៅបរិវេណមុខសាលារៀនឯកជនមួយកន្លែងក្នុងតំបន់ស៊ីលុម ទីក្រុងបាងកក ។ លើសពីនេះ ក៏មានអាណាព្យាបាលសិស្សមកចូលរួមប្រឆាំងនឹងការលក់កញ្ឆានៅមុខសាលារៀនផងដែរ ។
អតីតសមាជិកសភាតំណាងរាស្ត្រ លោក Chuwit Kamolvisit លើកឡើងថា ការលក់កញ្ឆាយ៉ាងសេរីបែបនេះបង្ហាញពីការធ្វេសប្រហែសរបស់ក្រសួងសុខាភិបាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Anutin Charnvirakul ។ ពួកគេមិនបានពិចារណាពីពេលវេលា និងទីកន្លែងលក់កញ្ឆាទេ ហើយពួកគេមិនគួរជំរុញឱ្យមានការលក់កញ្ឆានៅមុខសាលារៀនបែបនេះទេ ។
លោកបន្តថា កន្លងមក ក្រសួងសុខាភិបាលធ្លាប់ប្រកាសថា ហាមលក់ភេសជ្ជៈមានជាតិអាល់កុល និងបង្កើតកន្លែងកម្សាន្តនៅជិតសាលារៀន ប៉ុន្តែហេតុអ្វីបានជាអនុញ្ញាតឱ្យហាងលក់កញ្ឆាមកលក់នៅមុខសាលារៀនទៅវិញ ហើយមិនមែនមានតែទីនេះមួយកន្លែងទេ ប៉ុន្តែនៅខេត្តខនកែន ក៏មានលក់ដែរ ។ ការគាំទ្រឱ្យមានការលក់កញ្ឆាយ៉ាងសេរីបែបនេះ គឺជាការបំផ្លាញសង្គម ។
លោក Chuwit Kamolvisit បញ្ជាក់ថា ក្រសួងសុខាភិបាលថៃត្រូវតែភ្ញាក់ពីដេក និងសូមឱ្យពិចារណាចេញច្បាប់ហាមឃាត់ ដោយសារប៉ូលិសមិនអាចធ្វើអ្វីបានទេ ព្រោះនេះជាតួនាទីរបស់ក្រសួងសុខាភិបាល ។ កន្លងមក ក្រសួងសុខាភិបាលបានហាមឃាត់ថា ហាមលក់កញ្ឆានៅជិតសាលារៀន និងវត្ត ។
ការលក់កញ្ឆានៅមុខសាលារៀនបានធ្វើឱ្យអាណាព្យាបាលសិស្សនៅទីនេះមិនពេញចិត្តជាខ្លាំង ព្រោះកូនសិស្សត្រូវដើរឆ្លងកាត់ហាងនេះ ហើយឃើញឧបករណ៍ប្រើប្រាស់ និងកញ្ឆាក្នុងហាង ។ អាណាព្យាបាលសិស្សលើកឡើងថា ពួកគេពិបាកពន្យល់កូនពីគ្រោះថ្នាក់នៃការប្រើប្រាស់កញ្ឆា ។
អាណាព្យាបាលសិស្សម្នាក់ដែលបានមកផ្តល់កម្លាំងចិត្តឱ្យលោក Chuwit Kamolvisit ធ្វើយុទ្ធនាការប្រឆាំងនឹងការលក់កញ្ឆានិយាយថា ហាងនេះបានបើកលក់កញ្ឆាតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ។ អ្វីគួរឱ្យបារម្ភជាងនេះ គឺហាងនេះបិទបាំងត្រឹមតែកញ្ឆក់ភ្លឺថ្លា ដែលគេអាចមើលឃើញអ្នកចូលក្នុងហាង និងឧបករណ៍ផ្សេងៗ ។ ចំណែកអាណាព្យាបាលសិស្សម្នាក់ទៀតនិយាយថា គាត់បារម្ភពីផលវិបាកផ្សេងៗដែលនឹងកើតឡើង ដូចជា បើមានអ្នកជក់កញ្ឆានៅក្នុងហាង ហើយកើតសភាពខុសប្រក្រតី គឺវាអាចបង្កគ្រោះថ្នាក់ដល់សិស្សសាលាបាន ៕
ប្រភព ៖ Mono News










