ប្រទេសថៃ ៖ សារព័ត៌មាន Bloomberg បានវិភាគពីលទ្ធផលការបោះឆ្នោតនៅប្រទេសថៃហើយបញ្ជាក់ថា គណបក្សកាវក្លៃអាចទទួលជ័យជម្នះក្នុងការបោះឆ្នោតបាន ដោយសារតែគណបក្សនេះប្រើយុទ្ធសាស្ត្ររកសំឡេងឆ្នោតតាមបណ្តាញសង្គម TikTok ។ បើទោះជាពេលជាមួយគ្នានេះ គណបក្សនយោបាយធំៗផ្សេងទៀតក៏បានប្រើប្រាស់បណ្តាញសង្គមដើម្បីទំនាក់ទំនងជាមួយអ្នកបោះឆ្នោតឱ្យពួកគេក្តី ប៉ុន្តែគណបក្សកាវក្លៃអាចធ្វើបានយ៉ាងមានប្រសិទ្ធភាព ពោរពេញដោយគំនិតច្នៃប្រឌិត និងអាចទាក់ទាញអ្នកមានសិទ្ធិបោះឆ្នោតជាយុវវ័យ (New Voters) ឱ្យតាមដានគណបក្សកាវក្លៃក្នុងបណ្តាញសង្គម ហើយបោះឆ្នោតគាំទ្រ ។
ទោះយ៉ាងណា គណបក្សកាវក្លៃ ក៏មិនបានបោះបង់យុទ្ធនាការឃោសនាបោះឆ្នោតដែលធ្លាប់ធ្វើទេ ដូចជា ការបិទ poster នៅតាមផ្លូវ ឬការដើររកសំឡេងឆ្នោតតាមរយៈការគោះទ្វារផ្ទះពលរដ្ឋតាមភូមិ ប៉ុន្តែគណបក្សនេះបានឃោសនាបោះឆ្នោតតាមបណ្តាញសង្គមជាប្រចាំ ជាពិសេស TikTok បានធ្វើឱ្យសំឡេងឈ្នះឆ្នោតក្នុងអនឡាញក្លាយជាសំឡេងឈ្នះឆ្នោតពិតប្រាកដបាន ។ ដូច្នេះ បញ្ជាក់ឱ្យឃើញថា គណបក្សកាវក្លៃបានឃោសនាបោះឆ្នោតតាមអនឡាញល្អជាងគណបក្សផ្សេងទៀត ។
សារព័ត៌មាន Bloomberg ចង្អុលបង្ហាញថា នេះមិនមែនជាលើកដំបូងទេ ដែលបណ្តាញសង្គមដើរតួនាទីសំខាន់ក្នុងការបោះឆ្នោត ប្រទេសជិតខាងដូចជា ម៉ាឡេស៊ី ក៏បានប្រើបណ្តាញសង្គមដូចគ្នាដែរ ក្នុងនោះគណបក្សឥស្លាមម៉ាឡេស៊ីបានប្រើបណ្តាញសង្គមដើម្បីរកសំឡេងឆ្នោត រហូតដល់គណបក្សនេះអាចរកអាសនៈក្នុងសភាបានច្រើនបំផុតក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២២ ។ ចំណែកប្រទេសហ្វីលីពីន លោក Ferdinand Marcor Jr. បានឈ្នះឆ្នោតជាប្រធានាធិបតី ខណៈលោកទទួលបានសំឡេងដល់៣១លានសំឡេង ដោយសារលោករកសំឡេងឆ្នោតតាម TikTok និង YouTube ។
ចំណែកស្ថិតិក្នុងបណ្តាញសង្គមរបស់គណបក្សកាវក្លៃឃើញថា ពេលជិតដល់ថ្ងៃបោះឆ្នោត គណបក្សនេះមានអ្នកតាមដានកាន់តែច្រើន ។ បញ្ជី TikTok របស់គណបក្សនេះបានកើនឡើងពី៤០ម៉ឺន ដល់២៨០ម៉ឺននាក់ត្រឹមតែរយៈពេល១ខែ ។ ក្រៅពីនេះ នៅមុនថ្ងៃបោះឆ្នោតមិនយូរប៉ុន្មាន មានអ្នកតាមដានបញ្ជី Twitter របស់បេក្ខជននាយករដ្ឋមន្ត្រី គឺលោក Pita Limjaroenrat ដល់ទៅ១លាននាក់ ។
លើសពីនេះ មិនមែនមានតែគណបក្សនយោបាយ និងបេក្ខជននាយករដ្ឋមន្ត្រីនោះទេ ដែលទទួលបានសំឡេងគាំទ្រច្រើនដោយសារការប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែបេក្ខជនតំណាងរាស្ត្រដូចជា អ្នកនាង Rakchanok Srinok ក៏ទទួលបានការចាប់អារម្មណ៍ដូចគ្នាដែរ ខណៈវិធីរកសំឡេងឆ្នោតរបស់នាងដែលគេបានស្គាល់ជាច្រើន គឺការប្រើកង់ធ្វើជាយានជំនិះរកសំឡេងឆ្នោត ព្រមទាំងមានផ្ទាំងឃោសនាជាប់ខ្លួនផង ។
មន្ត្រីមកពី ISEAS Yusof-Ishak Institute ជាស្ថាប័នសិក្សាឯករាជ្យនៅប្រទេសសិង្ហបុរីលើកឡើងថា ការប្រើបណ្តាញសង្គម គឺជាវិធីសាស្ត្រថ្មីប្លែកសម្រាប់នយោបាយនៅប្រទេសថៃ ហើយគណបក្សកាវក្លៃអាចប្រើបណ្តាញសង្គមដើម្បីទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ខណៈគណបក្សនេះអាចទាក់ទងផ្ទាល់ទៅកាន់អ្នកគាំទ្រខ្លួន ។ ជាក់ស្តែង គណបក្សនេះអាចប្រមូលសំឡេងឆ្នោតពីក្រុងបាងកក រហូតដល់៣២អាសនៈពីទាំងអស់ចំនួន៣៣អាសនៈ ។ រីឯ១អាសនៈទៀតបានទៅអ្នកនាង Teerarat Samretwanit មកពីគណបក្សភឿថៃ ដែលបានប្រើបណ្តាញសង្គមដើម្បីទំនាក់ទំនងជាមួយអ្នកគាំទ្រដូចគ្នា ។
ហេតុនេះ ពួកគេបានប្រើប្រាស់បណ្តាញសង្គមធ្វើជាស្ពានតភ្ជាប់រវាងសង្គមខាងក្រៅជាមួយសភាតំណាងរាស្ត្រ ហើយគ្មានគណបក្សណាផ្សេងដែលអាចធ្វើដូចគណបក្សកាវក្លៃទេ ៕ ប្រភព ៖ Bangkok biznews










