នៅវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែឧសភា នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវ ប៉ះក្រុមជម្រើសជាតិនារីវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយនេះជាប្រវត្តិសាស្រ្តសម្រាប់បាល់ទាត់នារីកម្ពុជាមានឱកាសអាចឈានដល់វគ្គនេះជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ក្នុងជំនួបវគ្គសន្សំពិន្ទុកន្លងមក ក្រុមបាល់ទាត់នារីរបស់កម្ពុជាមានឱកាសអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្រោយពីឈ្នះ២ប្រកួត និងចាញ់១ នាពេលកន្លងមកដែលធ្វើឱ្យមហាជនកំពុងសម្តែងក្តីត្រេកអរយ៉ាងខ្លាំងដែលឃើញក្រុមបាល់ទាត់នារីកាន់តែរីកចម្រើនជាបន្តបន្ទាប់។
ក្នុងជំនួបដំបូងថ្ងៃបើកឆាកការប្រកួតនាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល២ទល់០ ខណៈការប្រកួតលើកទី២ ត្រូវប៉ះគ្នាជាមួយសង្ហិបុរី កម្ពុជាបានយកឈ្នះក្នុងលទ្ធផល ១ទល់០ កាលពីយប់ថ្ងៃទី៦ ខែឧសភា។ ក្នុងការប្រកួតទី៣របស់ខ្លួន ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ទល់០ នាយប់ថ្ងៃទី៩ ខែឧសភា។
ទោះបីជាចាញ់១ប្រកួតក្តី តែក្រុមបាល់ទាត់នារីកម្ពុជា មានឱកាសចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិនារីវៀតណាមនារាត្រីនេះ ដូច្នេះបងប្អូនជនរួមជាតិកុំភ្លេចចូលរួមគាំទ្រផ្តល់កម្លាំងចិត្តឱ្យក្រុមបាល់ទាត់នារីទាំងអស់គ្នា៕










