Home ព័ត៌មានអន្តរជាតិ មេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ប្រាប់ពីទាហានរុស្ស៊ី រត់ចោលទីតាំងឈរជើងនៅជិតទីក្រុងបាកមូត

មេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ប្រាប់ពីទាហានរុស្ស៊ី រត់ចោលទីតាំងឈរជើងនៅជិតទីក្រុងបាកមូត

129
0

រដ្ឋធានីកៀវ៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗ ទៅលើប្រមុខការពារជាតិរបស់រុស្ស៊ី ក្រោយពេលទាហានរបស់ក្រុងមូស្គូ បានរត់ចោលទីតាំងឈរជើងជាច្រើនកន្លែង នៅជិតទីក្រុងបាកមូត ដែលជាសមរភូមិក្ដៅ វាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ជាមួយនឹងកងទ័ពក្រុងកៀវ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ដោយបានរងការខូចខាត ស្លាប់ និង របួសរាប់ម៉ឺននាក់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិករបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group ហើយក៏ជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចោទប្រកាន់ ដល់កងកម្លាំងទាហានរុស្ស៊ី អំពីការរត់ចោលទីតាំងឈរជើងជាច្រើនកន្លែងរបស់ពួកគេ នៅជិតទីក្រុងបាកមូត នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ នេះជាការវាយប្រហារ ដោយសង្គ្រាមពាក្យសម្ដី ប្រឆាំងនឹងមេដឹកនាំយោធារបស់ក្រុងមូស្គូ។Ukraine war: Wagner chief Prigozhin threatens to pull fighters from  Bakhmut, blasts Russian defence minister in grisly video | South China  Morning Post

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល បានបញ្ជាក់ ថា «នៅថ្ងៃនេះ អ្វីៗកំពុងតែបានធ្វើរួចមកហើយ ដើម្បីធ្វើឲ្យសមរភូមិជួរមុខ ដួលរលំ។ នៅថ្ងៃនេះ អង្គភាពយោធាមួយ នៃក្រសួងការពារជាតិរុស្ស៊ី បានរត់ចោលពីសមរភូមិមួយផ្នែករបស់យើង ដោយការបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេ»។

ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី រូបនេះ កាលពីប៉ុន្មានថ្ងៃមុននេះ បានគំរាមដកកម្លាំងទាហានរបស់គាត់ ចេញពីទីក្រុងបាកមូត នៅត្រឹមថ្ងៃទី១០ ខែឧសភា ប្រសិនបើគាត់មិនទទួលបានគ្រាប់រំសេវ តាមតម្រូវការចាំបាច់ សម្រាប់ទាហាន Wagner Group បន្ដប្រយុទ្ធ។ បើតាមឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃអង្គារ លោក ព្រីហ្គោហ្ស៊ីន បានសង្កត់ធ្ងន់ ថា កម្លាំងទាហានរបស់រុស្ស៊ី កំពុងតែរត់ភៀសខ្លួន ចេញពីទីតាំងឈរជើងរបស់ពួកគេ ដោយសារតែមេបញ្ជាការរុស្ស៊ី មានភាពឆោតល្ងង់។Ukraine war: Wagner chief Prigozhin threatens to pull fighters from  Bakhmut, blasts Russian defence minister in grisly video | South China  Morning Post

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានវាយប្រហារ ដោយពាក្យសម្ដីធ្ងន់ៗ ទៅលើមេដឹកនាំយោធារបស់រុស្ស៊ី ថា «ទាហានរុស្ស៊ី មិនគួរស្លាប់ ដោយសារតែមេបញ្ជាការរបស់ពួកគេ ឆោតល្ងង់នោះឡើយ។ បទបញ្ជា ដែលពួកគេទទួលបាន មកពីមេបញ្ជាការកំពូលៗ គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត»។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅលើល្ងាច ថ្ងៃអង្គារដដែលនោះ ថា កម្លាំងទាហានវាយលុក ដោយធម្មតាសម្ដៅទៅលើក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group កំពុងតែបន្ដប្រយុទ្ធ នៅតំបន់ភាគខាងលិច ទីក្រុងបាកមូត។ រីឯទាហានបារ៉ា បានផ្ដល់ជំនួយ ដល់ការប្រយុទ្ធនេះផងដែរ។ ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ី មិនបាននិយាយសម្ដៅ ទៅលើការចោទប្រកាន់របស់លោក ព្រីហ្គោហ្ស៊ីន អំពីបញ្ហាទាហាន កំពុងតែរត់ចោលទីតាំងឈរជើងរបស់ពួកគេនោះទេ។What to know about the Wagner group, a 'brutal' Russian military group  fighting in Ukraine - ABC News

កម្លាំងទាហានស៊ីឈ្នួល Wagner បានដឹកនាំការប្រយុទ្ធដ៏សំខាន់បំផុត នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅទីក្រុងបាកមូត ដែលមានផ្ទៃដី ទំហំ ៤១,៦គីឡូម៉ែត្រការ៉េ។ ទីក្រុងដ៏តូចរបស់អ៊ុយក្រែន មួយនេះ មានប្រជាពលរដ្ឋ ប្រហែល ៧០ ០០០នាក់ រស់នៅមុនពេលសង្គ្រាមផ្ទុះឡើង ហើយទីក្រុងមួយនេះ បានក្លាយជាសមរភូមិ វាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ដោយបានបណ្ដាលឲ្យទាហានទាំងសងខាង រាប់ម៉ឺននាក់ បានស្លាប់ និង រងរបួស។

ប្រធានក្រុមហ៊ុនស៊ីឈ្នួលរបស់រុស្ស៊ី រូបនេះ បានស្ដីបន្ទោសម្ដងហើយម្ដងទៀត ទៅលើប្រមុខការពារជាតិ និង មេទ័ពកំពូលរបស់រុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ។ សកម្មភាពបែបនេះ កំពុងតែបង្ហាញ អំពីការបែកបាក់ផ្ទៃក្នុង កាន់តែជ្រៅទៅៗ ក្រោយពេលរដ្ឋាភិបាលក្រុងមូស្គូ បានខកខាន បញ្ជូនគ្រាប់រំសេវឲ្យមានចំនួនគ្រប់គ្រាន់ សម្រាប់ក្រុមទាហានស៊ីឈ្នួល Wagner Group បន្ដវាយប្រយុទ្ធ ដណ្ដើមកាន់កាប់ទីក្រុងបាកមូត។Ukraine reinforces as Wagner group to leave Bakhmut

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ក្រុងមូស្គូ បានទទួលបរាជ័យ នៅក្នុងការរឹបអូសទីក្រុងបាកមូត តាមផែនការគ្រោងទុករបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយបានកំណត់ ថា នឹងត្រូវតែដណ្ដើមកាន់កាប់ទីក្រុងបាកមូតឲ្យខាងតែបាន នៅត្រឹមថ្ងៃទី៩ ខែឧសភា ដែលជាជ័យជម្នះរបស់សូវៀត នៅលើរបបណាហ្ស៊ីអាល្លឺម៉ង់ នៅក្នុងសង្គ្រាមលោកលើកទី២ ខណៈរុស្ស៊ី តែងតែប្រាព្ធពិធីនេះឡើង ជារៀងរាល់ឆ្នាំ សម្រាប់ជាថ្ងៃជ័យជម្នះរបស់ខ្លួន ក្រោយពេលសហភាពសូវៀតដួលរលំមក៕