រដ្ឋបាលខេត្តកែប ប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលបាននឹងកំពុងធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ ៣៣A ការដ្ឋានសំណង់ និងហាមសត្វចិញ្ចឹមឆ្លងកាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកែបរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០៥-០៨ ខែឧសភា ឆ្នាំ២០២៣។
ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ព្រោះ ខេត្តកែប ជាខេត្តមួយក្នុងការសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រភេទ កីឡាទ្រីយ៉ាត្លុង នៅថ្ងៃទី០៦-០៨ ខែឧសភា ឆ្នាំ២០២៣។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរដ្ឋបាលខេត្តកែប សម្រេចផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនរ៉ែលើកំណាត់ផ្លូវជាតិលេខ ៣៣A ការដ្ឋានសំណង់ និងហាមដាច់ខាតសត្វចិញ្ចឹមគ្រប់ប្រភេទឆ្លងកាត់ដងផ្លូវ ពិសេសចាប់ពីចំណុចមុខក្លោងទ្វារវិហារ ខ្មែរឥស្លាម កាត់តាមផ្សារក្តាម ផ្លូវ1KEP1 (ចំណោតតាឈុត) រហូតដល់មុខសាលាខេត្តកែបដោយគន្លងផ្លូវនេះ ស្ថិតក្នុងសៀគ្វីនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕










