«អ្នកចម្បាំងក្រុងអង្គរ» ពីតារាចម្រៀង នីកូ , ពេជ្រ សូលីកា , រ៉ាប៊ី , ភី សេន , បាក់យ៉ុង និង ជេន បានផលិតជាពិសេសដើម្បីអបអរកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អ្វីដែលមិននឹកស្មាន នៅពីក្រោយការផលិត MV បទចម្រៀងនេះ ពេជ្រ សូលីកា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗព្រោះដួលសន្លប់បាត់ស្មារតី។
ពិតជាមានមោទកភាពណាស់សម្រាប់ប្រទេសកម្ពុជា ដែលបង្កើតប្រវត្តិសាស្រ្តថ្មីលើទឹកដីអច្ឆរិយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ ជាកិច្ចតបស្នងមាតុភូមិតារាចម្រៀងជាច្រើនបានរួបរួមគ្នាផលិតបទចម្រៀងតាមបែបផែនផ្សេងៗគ្នាដើម្បីអបអរសាទរនាឱកាសនេះ។
ក្នុងនោះបទចម្រៀងមួយបទមានចំណងជើងថា «អ្នកចម្បាំងក្រុងអង្គរ» ពីសិល្បករ៦រូបបញ្ចូនគ្នា ទទួលបានការគាំទ្រពីមហាជនមានទស្សនា១លានដង រហូតក្រុមការងារផលិតបទចម្រៀងនេះបានទម្លាយពីសកម្មភាពក្រៅឆាកនៃក្រុមការងារខ្លួនមានការលះបង់ខ្លាំង ក្នុងនោះគឺតារាចម្រៀង ពេជ្រ សូលីកា បានដួលសន្លប់បាត់ស្មារតី ត្រូវបញ្ជូលទៅកាន់មន្ទីរពេទ្យភ្លាមៗ។
តាមរយៈផេក 3fun បាន រៀបរាប់ថា ក្រុមការងារនិងសិល្បករទាំង៦រូបរួមមាន៖នីកូ , ពេជ្រ សូលីកា , រ៉ាប៊ី , ភី សេន , បាក់យ៉ុង និង ជេន ត្រូវងើបតាំងពីម៉ោង២ភ្លឺ ឈរក្រោមកំដៅថ្ងៃ ដាច់បាយ អត់ហ៊ានសម្រាក ព្រោះមានពេលតែ១ថ្ងៃសម្រាប់ថតបទនេះ រហូតមានអ្នកខ្លះដួល សន្លប់ ដឹកទៅពេទ្យភ្លាមៗ ធូរបានបន្តិចក៏ត្រឡប់មកថតវិញ ធ្វើយ៉ាងណាបំពេញការងារជូនជាតិឱ្យបានទាន់ពេលវេលា ដោយក្តីស្រលាញ់ចេញពីបេះដូង អស់កម្លាំងកាយ តែកម្លាំងចិត្តជូនជាតិ ។ មិនត្រឹមតែប៉ុណ្ណោះដំណើរការនៃការផលិតបទចម្រៀងនេះមានឧបសគ្គច្រើន ដែលគម្រោងផលិតបទនេះមានរយៈពេលខ្លី ប៉ុន្តែក្រុមការងារតស៊ូជាមួយគ្នា ជំនះឧបសគ្គជាមួយគ្នា ដើម្បីជាអនុស្សាវរីយិ៍នៃការចងចាំដ៏ល្អបំផុត និងដើម្បីជាតិមាតុភូមិ ៕













