មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មឯកឧត្តម គី ច័ន្ទរំដួល បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ កម្មវិធីនេះប្រព្រឹត្តទៅនៅអគារសន្តិភាព នៃក្រសួងកសិកម្មកាលពីថ្ងៃទី២៧ ខែមេសា កន្លងមកនេះ។
ឯកឧត្តម ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងក្នុងពិធីចុះ MOU ថា ការចុះអនុអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងកសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា) របស់ឧកញ៉ា ស្រី ចន្ធូរ មានសារៈសំខាន់ណាស់ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។ ក្នុងនោះឯកឧត្តមបញ្ជាក់ថា និស្សិតដែលបានបញ្ចប់ជំនាញបណ្តុះបណ្តាលកសិកម្មជិត៤០ឆ្នាំនេះ មានចំនួនប្រហែល១៥០០០នាក់ នៅទូទាំងប្រទេស។
ឧកញ៉ា ស្រី ចន្ធូរ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) ដែលបានចូលរួមចុះ MOU មានប្រសាសន៍ថា ការចងសម្ព័ន្ធភាពគ្នាជាមួយក្រសួងកសិកម្មនិងជួយឱ្យក្រុមហ៊ុនលោកពង្រឹងធនធានមនុស្សការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោ ឱ្យកាន់តែមានប្រសិទ្ធិភាព ដោយសារក្រុមហ៊ុនលោកបានយកបច្ចេកវិទ្យា និងច្ចេកទេសទំនើបៗ ពីប្រទេសមួយចំនួន ដូចជា ប្រទេសអូស្ត្រាលី ប្រេស៊ីល ប្រទេសអាម៉េរិក និងប្រទេសថៃជាដើម ។
លោកបន្ថែមថា ជាបទពិសោធការបង្កាត់គោសិប្បនិម្មិត គឺគោ០១ក្បាល អាចផលិតបាន៥០ក្បាលក្នុងមួយឆ្នាំ៕










