លោក ម៉ៃ សុគន្ធ រហ្ស័សនាម កំពូលមហាទើសបានចេញមុខសូមទោស លោក keisuke Honda ហើយនៅព្រឹកនេះបន្ទាប់ពីមានការប្រតិកម្មពីឯកឧត្តម ហ៊ុន ជា ក្រោយពីរិះគន់សំលៀកបំពាក់លោក ហុងដា អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ ក្នុងនោះឯកឧត្តមក៏បានបន្ថែមទៀតថា ការទទួលស្គាល់កំហុសគឺជាការល្អហើយឈប់ទៅរឿងទើសគេគួរមើលថែខ្លួនឯងល្អជាង។
មន្ត្រីក្នុងជួរនគរបាលជាតិ ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារឱ្យលោក ម៉ៃ សុគន្ធ ឆាប់ចេញមុខសូមទោស លោក ហុងដា កាន់តែឆាប់កាន់តែល្អខណៈនៅព្រឹកថ្ងៃទី១ ខែឧសភា នេះហ្ស័សនាម កំពូលមហាទើសគ្រប់រឿងបានចេញមុខសូមទោសហើយ។
លោក ម៉ៃ សុគន្ធ បានរៀបរាប់ថា «ដោយ ទទួលបាន ពីការផុសទូន្មាន អប់រំ របស់ឯកឧត្តមបង ប្អូនសូមអរគុណ ខ្ញុំសូមអភ័យទោសលោកហុងដា សូមមេត្តាអធ្យាស្រ័យនិង ជាពិសេសឯកឧត្តមបង ដែលកន្លងមកតាំងតែងប្រដៅ អប់រំប្អូន ទូន្មាន អោយប្អូនទទួលបានការស្រឡាញ់រាប់អានគ្នា ដូចបងប្អូនជាមួយអាចារ្យធំនិង ខ្ញុំបាទ សូមសុំទោសជាសាធារណៈ ដល់មហាជនទាំងអស់ សូមមេត្តា ខន្តី អភ័យទោស»។
ក្នុងនោះដែរ ឯកឧត្តម ហ៊ុន ជា ក៏បានលើកឡើងថា «ការទទួលស្គាល់កំហុសគឺជាការល្អ សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិនឹងប្រជាជនខ្មែរ តាមអ្វីដែរប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន»។
គួរបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃទី២៩ ខែមេសា លោក ម៉ៃ សុគន្ធ បានចេញមុខរិះគន់ លោក ហុងដា ពីរឿងសំលៀកបំពាក់របស់លោកថា «យើងជាម្ចាស់ផ្ទះ ពាក់អាវដេក ពាក់អាវនៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បាន គ្មានទើសក្បាលអ្នកណាទេជ្រុលតែទៅស្រុកវិញ ហើយ ចាំកាល ទៅឱ្យឆាប់ទៅខ្ញុំសែនមាន់១០»។ រឿងនេះបានធ្វើឱ្យឯកឧត្តម ហ៊ុន ជា ប្រតិកម្មនិងបានបង្ហោះសារឱ្យ ម៉ៃ សុគន្ធ ចេញមុខសូមទោសគ្រូបង្គោលកម្ពុជាលោក ហុងដា ៕










