ថ្លែងក្នុងវេទិកាធិបតីនៃបក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA)សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថានិស្សិតខ្មែរចំនួន៦រូបដែលកំពុងសិក្សានៅរដ្ឋធានីកាទុម ប្រទេសស៊ូដង់ ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ត្រូវបានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ ដោយមានជំនួយពីប្រទេសម៉ាឡេស៊ី។
សម្តេចតេជោបានមានប្រសាសន៍ថា៖”ប្រហែលពួកគេបានទៅដល់សណ្ឋាគារហើយ សូមជូនដំណឹងទៅដល់ក្រុមគ្រួសារនៃនិស្សិតទាំង៦រូបឱ្យបានជ្រាប ថាកូនចៅរបស់ខ្លួនមានសុវត្ថិភាពហើយ ហើយខ្ញុំសូមយកឱកាសនេះអរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី មន្រ្តីម៉ាឡេស៊ីដែលបានយកចិត្តទុកដាក់ជួយនិស្សិតកម្ពុជាជម្លៀសខ្លួន ហើយក៏សូមអរគុណរដ្ឋាភិបាល និងមន្រ្តីអារ៉ាប់ប៊ីសាអូឌីតដែលបានផ្ដល់ឱកាសសម្រាប់ការជ្រកកោនរយៈពេលខ្លីរបស់និស្សិតកម្ពុជា”។
សូមជម្រាបផងដែរថា សង្គ្រាមផ្ទៃក្នុងនៃប្រទេសស៊ូដង់ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៥ ខែមេសា កន្លងទៅ ដោយមនុស្សជាង២០លាននាក់កំពុងជម្លៀសខ្លួន ទៅកាន់ប្រទេសជាប់ព្រំដែន ដើម្បីស្វែងរកទីទួលសុវត្ថិភាព៕










