Home ព័ត៌មានអន្តរជាតិ សង្សារប្រាប់ថាទៅរកឪពុកម្តាយ ប៉ុន្តែបែរជារៀបការជាមួយប្រុសផ្សេង

សង្សារប្រាប់ថាទៅរកឪពុកម្តាយ ប៉ុន្តែបែរជារៀបការជាមួយប្រុសផ្សេង

97
0

ប្រទេសចិន ៖ បុរសម្នាក់រស់នៅក្រុងក្វាន់ចូវ ខេត្ត Fujian ប្រទេសចិន បានគ្រាំគ្រាចិត្តដោយសារតែសង្សាររបស់ខ្លួនលួចទៅរៀបការជាមួយប្រុសផ្សេង ។ គាត់រៀបរាប់ថា គាត់បានសេពគប់ជាមួយសង្សារអស់រយៈពេល១ឆ្នាំ ហើយសម្ព័ន្ធភាពរវាងគាត់ និងនាងស្អិតរមួតគ្នាណាស់ ប៉ុន្តែនៅសុខៗ នាងប្រាប់ថា នឹងត្រឡប់ទៅផ្ទះនៅតាមខេត្ត ប៉ុន្តែផ្ទុយទៅវិញ នាងបានទៅរៀបការជាមួយប្រុសផ្សេង ។ គាត់គិតមករហូតថា គាត់បានលង់ស្នេហ៍នារីម្នាក់ដែលមានចរិតទន់ភ្លន់ និងចិត្តល្អ ប៉ុន្តែការពិត នាងពោរពេញទៅដោយល្បិចកល ។

តាមការចុះផ្សាយរបស់សារព័ត៌មានថា បុរសនេះបានសេពគប់ជាមួយសង្សារខ្លួនអស់រយៈពេលជាង១ឆ្នាំ ហើយអ្នកទាំងពីរបានស្រឡាញ់គ្នាទៅវិញទៅមកជាខ្លាំង ។ បុរសនេះបានថែទាំសង្សាររបស់ខ្លួនយ៉ាងល្អ មិនថានាងនិយាយអ្វី ក៏គាត់ស្តាប់តាមទាំងអស់ ។ លើសពីនេះ គាត់ក៏បានឱ្យប្រាក់នាងទៀតផង ប៉ុន្តែការធ្វើល្អរបស់គាត់បែរជាមិនទទួលផលទៅវិញ ។ សារព័ត៌មានចុះផ្សាយថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ សង្សាររបស់គាត់ប្រាប់ថា នាងត្រូវត្រឡប់ទៅភូមិកំណើត២-៣ថ្ងៃ ដើម្បីទៅរកឪពុកម្តាយ និងមិត្តភក្តិចាស់ ។ ដូច្នេះ គាត់ក៏យល់ព្រមឱ្យនាងទៅដោយពុំបានគិតអ្វីច្រើនទេ ។

នៅថ្ងៃបន្ទាប់ គាត់ក៏បានផ្ញើសារទៅនាង ប៉ុន្តែនាងមិនឆ្លើយតបទេ រហូតដល់យូរបន្តិចទើបនាងផ្ញើសារមកថា នាងនឿយហត់ណាស់ គឺពេលនាងមកដល់ផ្ទះ នាងក៏គេងលក់តែម្តង ។ ហេតុនេះហើយ ទើបនាងមិនបានឆ្លើយតបសាររបស់គាត់ ។ បន្ទាប់មក នៅថ្ងៃទី១០ ខែមេសា នាងក៏បានធ្វើដំណើរមករកគាត់វិញ ។ ប៉ុន្តែរឿងមួយនឹកស្មានមិនដល់ គឺគាត់បានប្រទះឃើញរូបភាពនាងដោយចៃដន្យ គឺនាងស្លៀកឈុតកូនក្រមុំ ហើយឈរចាប់ដៃជាមួយបុរសម្នាក់ទៀត ។ ដូច្នេះ គាត់ក៏ដឹងការពិតថា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា នាងមិនបានទៅផ្ទះឪពុកម្តាយទេ ប៉ុន្តែនាងកំពុងតែរៀបការជាមួយប្រុសផ្សេង ។

គាត់បានសួរទៅនាងត្រង់ទៅត្រង់មក ពេលដំបូង នាងបដិសេធ ក្រោយមកក៏ព្រមទទួលស្គាល់ ដោយសារមិនអាចប្រកែកនឹងភស្តុតាងបាន ។ នាងសារភាពថា នាងពិតជាបានរៀបការជាមួយប្រុសផ្សេងមែន ប៉ុន្តែគ្រប់យ៉ាងមានហេតុផល ព្រោះម្តាយនាងជំពាក់បំណុលកូនកំលោះចំនួន៥ម៉ឺនយន់ ហើយនាងគ្មានជម្រើសផ្សេងទេ ទើបយល់ព្រមរៀបការដើម្បីដោះបំណុល ។

ទោះយ៉ាងណា គាត់មិនអាចទទួលយកការពន្យល់របស់នាងទេ ព្រោះមិនគិតថា នារីដែលធ្លាប់រស់នៅជាមួយគ្នាកាលពីថ្ងៃមុន បែរជាក្លាយជាកូនក្រមុំរបស់អ្នកផ្សេង ។ គាត់ជឿថា នាងតាំងចិត្តបោកប្រាស់ ព្រោះបើនាងចាំបាច់ត្រូវរៀបការមែននោះ នាងគួរតែប្រាប់ការពិតទាំងអស់ដល់គាត់ មិនមែនចាប់ត្រីដៃ២ទេ ។ ក្រៅពីនេះ គាត់បានទំនាក់ទំនងទៅម្តាយរបស់នាង ព្រមទាំងកូនកំលោះនៅក្នុងរូបភាពដើម្បីសុំការអធិប្បាយបន្ថែមទៀត ប៉ុន្តែម្តាយរបស់នាងមិនចាប់អារម្មណ៍បកស្រាយអ្វីទាំងអស់ ។ រីឯកូនកំលោះវិញខឹងនឹងគាត់ជាខ្លាំង ព្រោះមិនជឿថា ប្រពន្ធរបស់ខ្លួនជាមនុស្សកុហក ។

ទីបំផុត គាត់ដឹងថា នាងបានកុហកគាត់រហូតមក ព្រោះនាងតែងរកលេសទៅដើរលេងជាមួយមិត្តភក្តិ ឬរកលេសទៅរកឪពុកម្តាយនៅផ្ទះ ប៉ុន្តែការពិត នាងទៅនៅជាមួយប្រុសផ្សេង ។ ដូចនេះ គាត់ក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយនាង និងឱ្យនាងបានរស់នៅជាមួយអ្នកដែលនាងជ្រើសរើស ៕ ប្រភព ៖ khaosod