ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតមួយក្បាលជាកូនផ្សោតទី៣ ក្នុងឆ្នាំនេះអាយុប្រមាណ១សប្តាហ៍បានប្រទះឃើញ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមការជូនដំណឹងបានឱ្យដឹងថា ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយ នៅម៉ោង ១៣៖៤២នាទី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ០៦០០០៧៦,១៤៧២៥០០ នៃអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១សប្តាហ៍កំពុងហែលជាមួយផ្សោតពេញវ័យ២ក្បាលទៀត។
សូមបញ្ជាក់ជូនថា កូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៣ហើយដែលត្រូវបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ខណៈក្នុងឆ្នាំ២០២២ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕











