ករណីហិង្សាក្នុងគ្រួសាររបស់អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា និងភរិយា អ្នកនាង ម៉ាត់ លក្ខិណា បង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតធ្លាយរឿងដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពតឱ្យចូលខ្លួនបំភ្លឺនៅអធិការក្រុងកំពត។ បន្ទាប់ពីសាកសួរ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ពេលនេះ ព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួនលោក គឹម បញ្ញា ជាបណ្ដោះអាសន្នដើម្បីរៀបសំណុំរឿងទៅតុលាការបន្តនិតិវិធីតាមផ្លូវច្បាប់។
តាមរយៈផេកស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា «ក្រោយធ្វើការសាកសួរបំភ្លឺនិងទទួលបណ្តឹងពីភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថកិច្ចបានសុំគោលការណ៍ទៅ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៍ណែនាំពីឯកឧត្តម ព្រះរាជអាជ្ញា សម្រេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការពាក់ពន្ធ័ករណីហិង្សាលើភរិយា»។
គួរបញ្ជាក់ផងដែរថា ភរិយាលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មានគណនីហ្វេកប៊ុក «Ah Leak » បានរងអំពើហិង្សាពីស្វាមី ម្តងហើយម្តងទៀតរស់នៅគ្មានសេចក្តីសុខចាប់តាំងពីសាងជីវិតគ្រួសារជាមួយគ្នាតាំងពីឆ្នាំ២០១៩ ដោយអស់ភាពអត់ធ្មត់ នាងសម្រេចចិត្តបង្ហោះរូបភាព និងវីដេអូដែលស្វាមីវាយដំ ដើម្បីឱ្យមហាជន និងថ្នាក់ដឹកនាំដឹងឮទាមទារយុត្តិធម៌ដល់ខ្លួន៕












