ប្រទេសថៃ ៖ កន្លងមក ប្រទេសកម្ពុជា និងថៃ បានជជែកគ្នាយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គមអំពីប្រធានបទ «គុនខ្មែរ» និង «Muay Thai» ហើយកាលពីថ្ងៃទី២០ ខែមេសា កន្លងមកនេះ សារព័ត៌មានថៃឈ្មោះ sanook បានសរសេរថា មានប្រព័ន្ធផ្សព្វផ្សាយខ្មែរមួយចុះផ្សាយរឿងមិនពិតថា លោក ចា ភ្នំ មានឈាមជ័រជាខ្មែរ ហើយមិនហ៊ានទទួលស្គាល់ថា ខ្លួនជាខ្មែរទេ ។

ប្រព័ន្ធផ្សព្វផ្សាយដែលប្រទេសថៃនិយាយនេះ គឺឈ្មោះ WORLD KUN KHMER Promotion បានបង្ហោះរូបភាព ព្រមទាំងសរសេរថា Kun Khmer Lbokator មិនចង់រំលឹកពីបុរសម្នាក់នេះទេ តែជនជាតិថៃមានមោទនភាពចំពោះគាត់ពេក ហើយស្រមៃអះអាងថា គាត់ជាបិតាល្បុក្កតោ ។ តាមពិត គាត់បានបង្ហាញក្បាច់គុនល្បុក្កតោពិតមែន ដែលភស្តុតាងមានយ៉ាងច្បាស់តាំងពី១.០០០ឆ្នាំមុន ហើយគាត់ក៏បានហៅឈ្មោះវាថា «ក្បាច់គុនបុរាណយើង» ច្បាស់ណាស់ ។ ទាំងការបង់ករក្រមាជាអត្តសញ្ញាណខ្មែរ គឺច្បាស់ក្រឡែត ។ គាត់បង្ហាញពីក្បាច់គុនបុរាណខ្មែរ ពីគ្រូខ្មែរ នៅអតីតខេត្តខ្មែរ តែពេលគាត់ល្បី គាត់មិនអាចទទួលស្គាល់ថា គាត់ជាអ្នកណាឱ្យប្រាកដបានឡើយ ព្រោះគាត់រស់នៅលើទឹកដីថៃបច្ចុប្បន្ន ។

WORLD KUN KHMER Promotion បានសរសេរទៀតថា មើលគំរូកីឡាករថៃឈ្មោះ សុតសាខន ស្រាប់ ទាំងដែលគាត់តំណាងឱ្យ Muay Thai ហើយមកវ៉ៃនៅស្រុកខ្មែរ ថៃចោទគាត់ថា ក្បត់ជាតិទៅហើយ ចុះទម្រាំខ្មែរមួយចំនួនធំរស់នៅលើទឹកដីថៃ ឱ្យគាត់ទទួលស្គាល់យ៉ាងម៉េច? កុំបង្ខំពួកគាត់ សំខាន់ គឺគាត់ដឹងក្នុងចិត្តថា គាត់មានឈាមជាខ្មែរ តែដើម្បីកេរ្តិ៍ឈ្មោះ និងគ្រួសារ ហូបបាយអ្នកណា គឺបម្រើអ្នកនោះហើយ ។

សារព័ត៌មានថៃឈ្មោះ sanook បានសរសេរថា ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្មែរនេះពូកែណាស់ខាង claim ថា តារាសម្តែងល្បីល្បាញរបស់ថៃម្នាក់ឈ្មោះ ចា ភ្នំ ឬឈ្មោះ តូនី ចា មានឈាមជ័រជាជនជាតិខ្មែរ ។ ទោះយ៉ាងណា ពលរដ្ឋថៃម្នាក់បានបញ្ចេញមតិទៅកាន់ការចុះផ្សាយរបស់សារព័ត៌មាន sanook ថា ៖ «វប្បធម៌ស្រដៀងគ្នា ប្រទេសថៃក៏បានប្រើប្រាស់ពាក្យរបស់ខ្មែរជាច្រើនដែរ» ។ ប៉ុន្តែពលរដ្ឋថៃម្នាក់ទៀតថា ៖ «ប្រទេសនៅជិតគ្នា គឺបែបនេះហើយ បើជួបមនុស្សល្អ យើងល្អដាក់វិញ តែបើជួបមនុស្សរំខាន យើងក៏រំខានទៅវិញ ។ កាលពីមុន នាំគ្នាវាយស្ថានទូតថៃ បើពួកយើងរករឿងវិញ រឿងក៏មិនចប់ ។ ដូច្នេះ បើឆ្កែខាំ កុំខាំវាវិញអី ខ្មែរវាគង់តែខ្មាស់អៀនខ្លះហើយ» ។

គួរបញ្ជាក់ថា លោក ចា ភ្នំ មានអាយុ៤៤ឆ្នាំ និងមានស្រុកកំណើតនៅខេត្តសុរិន្ទ ។ លោកជាអតីតកីឡាករ ហើយលោកបានចូលប្រឡូកក្នុងការសម្តែងភាពយន្តតាំងពីឆ្នាំ១៩៩២ មកម៉្លេះ លោកបានប្រើឈ្មោះក្នុងការសម្តែងនៅប្រទេសថៃថា «ចា ភ្នំ» និងប្រើឈ្មោះក្នុងការសម្តែងលំដាប់សកលថា «តូនី ចា» ។ លោកស្ទាត់ជំនាញផ្នែកសិល្បៈក្បាច់គុន, ការប្រើអាវុធ, កីឡា និងការហាត់ប្រាណ ។

បច្ចុប្បន្ននេះ ខាងសារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលចិត្តនិយាយរិះគន់កម្ពុជាស្ទើរគ្រប់រឿង ក្នុងនោះមាន កីឡា សិល្បៈ សម្លៀកបំពាក់ និងចំណីអាហារ ។ ប្រទេសថៃតែងយកកម្ពុជាមកប្រៀបធៀបជាមួយខ្លួន ក្នុងចេតនាធ្វើឱ្យប្រទេសផ្សេងៗយល់ច្រឡំ ហើយពួកគេកម្រចុះផ្សាយពីចំណុចល្អរបស់កម្ពុជាណាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO78pXpADZitktGE8rnsnAeI487DXO3DXhzMRDj5toNJNM6DZ6J1c6sVQUAPf-cpQM6mdlVXvgUS8_bNiOXck9K_QhdfJRVETF90bFASnJ6gZ8NH7aabfvavfZFsqsqocSNycnpDZyAnTZjNCnfvOvEIZnXhwx-Fw5C9JfilIfksYCVbkLor4OCsrO/s1280/photo_2023-04-24_15-23-48.jpg ប្រភព ៖ sanook