ប្រទេសថៃ ៖ Sam Yuranan Pamonmontri ជាតារាសម្តែងប្រុសជើងចាស់ដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសថៃ ដែលលោកមានអាយុ៦០ឆ្នាំទៅហើយនោះ ប៉ុន្តែមុខមាត់នៅតែក្មេង និងសង្ហារដដែល ។ លោកនិយាយក្នុងបណ្តាញសង្គមថា លោកបានចូលមើលកុនហ្វ្រីជាមួយកូនប្រុស ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិយាយលេងសើចថា អាយុលោកច្រើនហើយ ប៉ុន្តែមុខមាត់មិនផ្លាស់ប្តូរតាមអាយុសោះ ។
ពិតហើយ អាយុច្រើនមិនបានធ្វើឱ្យរូបរាងចាស់ទេ សម្រាប់តារាសម្តែងឈ្មោះ Sam Yuranan ។ កាលពីពេលមុននេះ លោកបានបង្ហោះរូបភាពរបស់លោកពេលទៅធ្វើអត្តសញ្ញាប័ណ្ណថ្មីក្នុងអាយុ៦០ឆ្នាំ ហើយអ្វីដែលសំខាន់នោះ គឺលោកដល់អាយុត្រូវទទួលប្រាក់ឧបត្ថម្ភមនុស្សចាស់ពីរដ្ឋាភិបាលផងដែរ ។
នាពេលថ្មីៗនេះ លោកបានធ្វើឱ្យគេចាប់អារម្មណ៍ម្តងទៀត ខណៈលោកបានបង្ហោះវីដេអូមួយក្នុង TikTok ដោយលោក និងកូនប្រុសឈ្មោះ Mambo Yurakarn បាននាំគ្នាទៅមើលកុន ព្រមទាំងសរសេរថា ៖ «កូនប្រុសនាំខ្ញុំមកមើលកុនហ្វ្រី ប៉ុន្តែរឿងណាដែលខ្ញុំចង់មើលនោះ មិនហ្វ្រីសោះ ហាហា ។ គេឱ្យមើលកុនមិនយកប្រាក់នេះ ចាត់ទុកថា គេចិត្តល្អដល់មនុស្សចាស់អាយុច្រើន» ។
ក្រោយលោកបានបង្ហោះវីដេអូនេះក្នុង TikTok មកបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិយាយថា ពេលវេលាមិនអាចធ្វើអ្វីដល់តារាសម្តែងម្នាក់នេះបានទេ ខណៈអ្នកខ្លះសរសើរថា អាយុផ្លាស់ប្តូរ ប៉ុន្តែមុខមាត់របស់ Sam Yuranan មិនផ្លាស់ប្តូរតាមអាយុសោះ ។ ចំណែកអ្នកខ្លះទៀតថា លោកមិនព្រមចាស់តាមអាយុ ។ ដូចគ្នានេះ នារីម្នាក់ទៀតថា ច្រើនតែអាយុ ប៉ុន្តែមុខមាត់នៅតែក្មេងដដែល ខណៈម្នាក់ទៀតថា មិនជឿទេថា លោកមានអាយុ៦០ឆ្នាំ ។
កាលពីដើមឆ្នាំ២០២៣ នេះ លោកបានប្រារព្ធពិធីខួបកំណើតអាយុ៦០ឆ្នាំរបស់លោកជាមួយភរិយាឈ្មោះ Mook Marisa ព្រមទាំងកូនៗនៅប្រទេសកូរ៉េខាងត្បូង ។ លោកបានបង្ហោះរូបភាពពិធីខួបកំណើតជាច្រើនសន្លឹកក្នុង instagram របស់លោក ហើយលោកបានធ្វើម៉ូដសក់តាមបែបកូរ៉េទៀតផង ៕










