សហរដ្ឋអាមេរិក ៖ តាមគេហទំព័រ UPI រាយការណ៍ថា មានហេតុការណ៍ស្ទះចរាចរណ៍យ៉ាងខ្លាំងនៅរដ្ឋ Oregon សហរដ្ឋអាមេរិក ក្រោយពីបុរសម្នាក់បាចប្រាក់របស់ខ្លួនរាប់ម៉ឺនដុល្លារតាមបង្អួចរថយន្ត ។ ហេតុការណ៍នេះបានធ្វើឱ្យអ្នករស់នៅក្នុងបរិវេណនោះភ្ញាក់ផ្អើលជាខ្លាំង ខណៈអ្នកខ្លះឈប់រថយន្ត ហើយរត់មកប្រមូលប្រាក់ដ៏ច្រើននេះ ។
តាមសេចក្តីរាយការណ៍របស់មន្ត្រីប៉ូលិសបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា កន្លងមក លោក Colin Davis McCarthy អាយុ៣៨ឆ្នាំ បានបើកបររថយន្តតាមផ្លូវជាតិលេខ I-5 ឆ្ពោះទៅកាន់រដ្ឋ Oregon ។ ពេលបើកបរនៅតាមផ្លូវ បុរសខាងលើក៏បាចប្រាក់ជាច្រើនតាមបង្អួចរថយន្ត ហើយធ្វើឱ្យអ្នកបើករថយន្តផ្សេងទៀតឃើញ ក៏នាំគ្នាចតរថយន្ត រួចប្រមូលប្រាក់ទាំងនេះ ។
លោក McCarthy ប្រាប់ប៉ូលិសថា លោកបានដកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិកពីបញ្ជីធនាគារដែលប្រើប្រាស់រួមគ្នាជាមួយគ្រួសារដើម្បីយកមកបាចតាមផ្លូវ ។ លោកបន្តថា ពេលនេះ ជីវិតរបស់លោកល្អប្រសើរ ហើយលោកចង់ឱ្យអ្នកដទៃមានសំណាងល្អដែរ និងចង់ឱ្យពួកគេបានចាយប្រាក់នេះ ។ បើតាមវីដេអូឃ្លីបដែលគេបានថតទុកឃើញថា ក្រដាសប្រាក់បាចនៅតាមផ្លូវនេះ មានក្រដាសប្រាក់១០០ដុល្លារអាមេរិកទៀតផង ។
ជាមួយគ្នានេះ ស្ត្រីម្នាក់ដែលបានឃើញហេតុការណ៍រៀបរាប់ថា បន្ទាប់ពីលោក McCarthy បាចប្រាក់តាមផ្លូវមកបណ្តាលឱ្យស្ទះចរាចរណ៍ជាខ្លាំង ដោយសារមានអ្នកចតរថយន្តពាសពេញផ្លូវជាច្រើនគ្រឿង ។ នាងបន្តថា វាគ្រោះថ្នាក់ណាស់ដែលមានមនុស្សជាច្រើននាក់រត់ប្រសាចនៅតាមផ្លូវ ខណៈរថយន្តភាគច្រើនបើកបរលឿនៗណាស់ ។ ក្រៅពីនេះ មានអ្នកខ្លះបើករថយន្តហួសហើយ បានបើករថយន្តថយក្រោយវិញដើម្បីប្រមូលប្រាក់ ដូច្នេះ វាកាន់តែធ្វើឱ្យស្ទះចរាចរណ៍ថែមទៀត ។/cloudfront-us-east-1.images.arcpublishing.com/gray/Y4QLIBAL2NDKDLWIUJYO3IBGCA.png)
ទោះយ៉ាងណា ភ្នាក់ងារប៉ូលិសមិនបានចោទប្រកាន់លោក McCarthy អ្វីទេ ប៉ុន្តែបានដាស់តឿនថា ហាមបាចប្រាក់តាមផ្លូវបែបនេះទៀត ពីព្រោះធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់ ខណៈពួកគេបើកបររថយន្តនៅពេលយប់ ។
មន្ត្រីប៉ូលិសនិយាយថា វាជារឿងលំបាកណាស់ដែលគ្រួសាររបស់លោក McCarthy អាចទទួលប្រាក់ត្រឡប់មកវិញ ព្រោះប៉ូលិសមិនបានឃើញប្រាក់នៅសល់តាមផ្លូវទេ សូម្បីតែមួយសន្លឹក ។ ក្រុមគ្រួសាររបស់លោក McCarthy បានអង្វរឱ្យអ្នកដែលរើសប្រាក់បាន សូមជួយយកប្រាក់ទាំងនេះមកឱ្យពួកគេវិញផងតាមរយៈប៉ូលិសនៅរដ្ឋ Oregon ដោយសារប្រាក់ទាំងអស់នេះជាប្រាក់សន្សំ ហើយត្រូវលោក McCarthy ដកអស់ពីបញ្ជី ៕
ប្រភព ៖ khaosod










