ប្រទេសចិន ៖ អាជ្ញាធរគ្រប់គ្រងព័ត៌មានតាមអ៊ីនធើរណេតប្រទេសចិន បានចេញដីកាកោះហៅនារីម្នាក់ឈ្មោះ យ៉ាង ពីបទនារីរូបនេះបង្ហោះវីដេអូឃ្លីបមួយនៅក្នុងកម្មវិធី TikTok ហើយមិនខ្វល់ពីភ្លើងកំពុងឆេះការដ្ឋានសាងសង់មួយកន្លែង ។
នៅពេលគេមើលវីដេអូនេះរួចហើយនឹងឃើញថា នារីឈ្មោះ យ៉ាង គ្រាន់តែរាំតាមធម្មតាប៉ុណ្ណោះ ហើយមើលទៅ គ្មានអ្វីខុសច្បាប់ប្រទេសចិន ឬខុសច្បាប់របស់កម្មវិធី TikTok ឡើយ ។ ប៉ុន្តែបើគេសង្កេតឱ្យមែនទែន គេនឹងបានឃើញឆាកនៅពីក្រោយខ្នងរបស់នាង គឺជាហេតុការណ៍ភ្លើងកំពុងឆាបឆេះការដ្ឋានសំណង់មួយកន្លែង ។ ការឆាបឆេះការដ្ឋានសំណង់នេះ គឺនៅទីក្រុង Yuncheng ខេត្ត Shanxi ។
ការចោទប្រកាន់ទៅលើនារីឈ្មោះ យ៉ាង គឺពីបទបង្កបញ្ហាដល់អ្នកដទៃ ហើយទទួលផលប្រយោជន៍សម្រាប់ខ្លួនឯង ដោយសារនាងបានបង្ហោះវីដេអូរាំរបស់ខ្លួន ដើម្បីទាក់ទាញអ្នកទស្សនាវីដេអូរបស់នាង ។ ក្រោយមក នាងបានចេញមកសូមទោសចំពោះកំហុសឆ្គងនេះ ហើយនាងនិយាយថា ខ្លួននឹងពិចារណាឱ្យបានល្អិតល្អន់នៅពេលបង្ហោះវីដេអូលើកក្រោយៗទៀត ។
ជាមួយគ្នានេះ បញ្ជី TikTok របស់នាងត្រូវបានគេផ្អាកការប្រើប្រាស់ ។ អ្នកលេងបណ្តាញសង្គមចិនមួយចំនួននិយាយថា ការដាក់ទោសមកលើនាងស្រាលពេក ហើយពួកគេចង់ឱ្យដាក់ទោសឱ្យបានខ្លាំងជាងនេះចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ពីព្រោះចូលចិត្តធ្វើអ្វីគ្មានប្រយោជន៍ដល់ប្រទេសជាតិ និងបំពានច្បាប់ជាញឹកញាប់ ៕”ប្រភព ៖ Mono News










