ប្រទេសព័រទុយហ្គាល់ ៖ លោក Paul Wilkinson អាយុ៦៥ឆ្នាំ បានធ្វើដំណើរចេញពីទីក្រុង Faro ប្រទេសព័រទុយហ្គាល់ ទៅកាន់ទីក្រុង Belfast ប្រទេសអៀរឡង់ តាមជើងយន្តហោះលេខ Jet 2 ។ អ្វីដែលចម្លែក គឺក្នុងយន្តហោះនេះមានអ្នកដំណើរតែម្នាក់ប៉ុណ្ណោះ គឺលោក Paul Wilkinson ព្រមទាំងអ្នកបម្រើការនៅលើយន្តហោះ ។
ពេលឡើងលើយន្តហោះដំបូង លោក Paul Wilkinson មានការចម្លែកចិត្តជាខ្លាំង ហើយលោកគិតថា យន្តហោះនេះចេញដំណើរយឺតយ៉ាវ ឬត្រូវបានអ្នកដំណើរលុបចោលការធ្វើដំណើររបស់ពួកគេ ពីព្រោះគ្មានអ្នកដំណើរផ្សេងទៀតមកតម្រង់ជួរដើម្បីពិនិត្យសំបុត្រឡើងជិះយន្តហោះទេ ។ ក្រោយមក អ្នកបម្រើការលើយន្តហោះដើរមកប្រាប់ថា ថ្ងៃនេះ លោក Paul Wilkinson គឺជាអ្នកដំណើរវីអាយភី ហើយលោក Paul Wilkinson អាចធ្វើដំណើរតាមយន្តហោះនេះ ដូចគ្នានឹងការជិះយន្តហោះផ្ទាល់ខ្លួនដែរ ។
ការធ្វើដំណើររបស់លោក Paul Wilkinson គឺត្រូវចំណាយពេល៣ម៉ោង ។ ក្នុងអំឡុងពេលធ្វើដំណើរ អ្នកបម្រើការនៅលើយន្តហោះហៅលោក Paul Wilkinson ថា ព្រះអង្គម្ចាស់ Paul ហើយពួកគេបានផ្តល់សេវាកម្មនានាល្អឥតខ្ចោះចំពោះលោក សូម្បីតែវ៉ាលិសក្តី គឺមានតែវ៉ាលីសរបស់លោក Paul Wilkinson មួយប៉ុណ្ណោះនៅកន្លែងទទួលវ៉ាលីស ។ លើសពីនេះ អ្នកបម្រើការលើយន្តហោះបានថតរូបជាមួយលោកដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ ។
លោក Paul Wilkinson និយាយថា វាគឺជាបទពិសោធន៍ថ្មីមួយក្នុងការធ្វើដំណើរតាមយន្តហោះរបស់លោកលើកនេះ ក្រោយពីលោកបានធ្វើដំណើរកម្សាន្ត និងវាយកូនហ្គោលនៅប្រទេសព័រទុយហ្គាល់ ៕ ប្រភព ៖ WorldForum










