ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនដល់សាធារណជនជៀសវាងការកកស្ទះ និងរង់ចាំយូរ ពេលឆ្លងកាត់តាមផ្លូវល្បឿនលឿន អាចចូលចេញនៅគន្លងអាទិភាព ANPR ដោយអតិថិជនគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខយានយន្ត (ដូចបញ្ចូលទឹកប្រាក់ទៅក្នុងលេខទូរសព្ទ) តាមធនាគារដៃគូរបស់ក្រសួងជាការស្រេច។
តាមការបញ្ជាក់ដដែលបានឱ្យដឹងទៀតថា ដើម្បីកាត់បន្ថយការរង់ចាំយូរ ចាំយកកាត និងប្រើប្រាស់សាច់ប្រាក់នៅគន្លងចេញចូល អតិថិជនអាចប្រើប្រាស់គន្លង ANPR ដោយគ្រាន់តែបញ្ចូលសមតុល្យជាមុនជាការស្រេច។ ការចេញចូលនៅគន្លងនេះ មានលក្ខណៈសាមញ្ញ ដោយមិនរង់ចាំយូរ មិនចាំបាច់ប្រើកាត និងកាត់សមតុល្យដោយស្វ័យប្រវត្តិ ទៅតាមចម្ងាយផ្លូវធ្វើដំណើរ។ បងប្អូនអាចធ្វើដំណើរតាមគន្លង ANPR ដែលមានសញ្ញា ANPR នៅខាងឆ្វេងច្រកចេញចូលដែលជាប់នឹងគន្លង ETC។
ទន្ទឹមនឹងនោះ ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យត្រូវតាមគន្លងផ្លូវ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានដាក់ដំណើរការផ្លាកសញ្ញាបង្ហាញច្រក ANPR និងគំនូសសញ្ញាគន្លងផ្លូវនីមួយៗនៅច្រកចំនួន ៤ រួមមាន៖ ច្រកភ្នំពេញ ច្រកកំពង់ស្ពឺកើត ច្រកស្ទឹងហាវ និងច្រកព្រះសីហនុ។ ក្នុងនោះអ្នកឆ្លងកាត់ផ្លូវល្បឿនលឿនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ ដូចជា៖
១. ធនាគារ ជីបម៉ុង(Chip Mong Bank)
២. ធនាគារ អេស៊ីលីដា(ACLEDA Bank)
៣. ធនាគារវីង(Wing Bank)
៤. ធនាគារ វឌ្ឍនៈ(VATTANAC Bank)
៥. ធនាគារកាណាឌីយ៉ា(Canadia Bank)
៦. លីហួរវេរលុយ (LyHour PayPro)
៧. ធនាគារព្រីនស៍ (PRINCE Bank)
៨. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ៕











