ការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) របស់បុគ្គលមួយចំនួនរួមទាំងបុគ្គលល្បីឈ្មោះផងទៅលើរូបភាព «បេះដូងច្រើនជាងគេលើពិភពលោក» ដែលកម្ពុជាទើបបានបំបែកឯតទគ្គកម្មពិភពលោកពីស្ថាប័ន Guinness World Records ពិតជាបង្កឱ្យមានការភាន់ច្រឡំខ្លាំងណាស់មិនថាប្រជាជនកម្ពុជាមួយចំនួនដែលពុំទាន់បានដឹងពីបច្ចេកវិទ្យាថ្មីនេះរួមទាំងជនបរទេសផងដែរ។ ហេតុនេះហើយយើងមិនគួរបង្ហោះឬចែកចាយរូបភាព AI បន្តទៀតឡើយ គួរតែបង្ហោះឬចែកចាយរូបភាពពិតប្រាកដវិញដើម្បីជៀសវាងការយល់ច្រឡំដោយប្រការណាមួយ។
បច្ចេកវិទ្យា AI កំពុងធ្វើឱ្យមនុស្សភាគច្រើនផ្តោតអារម្មណ៍លើបច្ចេកវិទ្យាថ្មីនេះទោះបីជាAIបានជួយសម្រួលការងារខ្លះដល់មនុស្សក្តី ប៉ុន្តែបណ្តាប្រទេសជឿនលឿនមួយចំនួននៅតែបង្ហាញក្តីបារម្ភដោយខ្លាចបុគ្គលខ្លះប្រើ AI ខុសគោលដៅ។
ងាកមកប្រទេសកម្ពុជាវិញ ថ្មីៗនេះរូបភាព «បេះដូងច្រើនជាងគេលើពិភពលោក» មានចំនួន ៣,៩១៧,៨០៥ បេះដូង ដែលបត់ដោយក្រដាសចម្រុះពណ៌បានបំបែកឯតទគ្គកម្មពិភពលោកពីស្ថាប័ន Guinness World Records នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មានបង្ហោះអបអរសាទរពីអ្នកលេងបណ្តាញសង្គម តារាល្បីៗជាច្រើនរូប។ តែអ្វីដែលជាក្តីបារម្ភនោះ តារាមួយចំនួនរួមទាំងអ្នកលេងបណ្តាញសង្គមខ្លះបានបង្ហោះអបអរសាទរជាមួយរូបភាព AI ទៅវិញដែលធ្វើឱ្យប្រជាជនមួយចំនួនរួមទាំងជនបរទេសមានការភាន់ច្រឡំថាជារូបភាពពិត ដោយពួកគេមិនបញ្ជាក់ថារូបភាពនោះជារូបភាព AI ឡើយ។
ការប្រើរូបភាពមិនពិតនេះពិតជាមានផលប៉ះពាល់ណាស់។ ជាក់ស្តែង មានផេកកូរ៉េមួយបានយករូបភាព AI ដែលមានការចែករំលែកយ៉ាងផុសផុលលើបណ្តាញសង្គមហ្វេកប៊ុក យកទៅបង្ហោះបន្ត ដោយជនបរទេសមានការភាន់ច្រឡំ។
មិនត្រឹមតែប៉ុណ្ណោះ ទឹកចិត្តនិងស្នាដៃបត់បេះដូងក្រដាសរបស់ប្រជាជនខ្មែររាប់ម៉ឺននាក់ និងការខំតខំរៀបចំរបស់ស្ថាប័នពាក់ព័ន្ធត្រូវខាតបង់ដោយសារឥទ្ធិពលបច្ចេកវិទ្យាថ្មីនេះដែលមនុស្សត្រូវចំណាយពេលមួយចំនួនដើម្បីសម្របនឹងវា។
ដើម្បីផលវិជ្ជមាន យើងក៏គួរតែចូលរួមផ្សព្វផ្សាយពីរូបភាពដើមឱ្យច្រើនជាជាងចែកចាយរូបភាពបន្លំដោយរូបភាពAI៕











