Home ព័ត៌មានអន្តរជាតិ វៀតណាមនឹងស៊ើបអង្កេត TikTok និងគ្រប់គ្រងការចែកចាយព័ត៌មានគ្រោះថ្នាក់

វៀតណាមនឹងស៊ើបអង្កេត TikTok និងគ្រប់គ្រងការចែកចាយព័ត៌មានគ្រោះថ្នាក់

103
0

ប្រទេសវៀតណាម ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមនិយាយថា នឹងស៊ើបអង្កេតប្រតិបត្តិការរបស់ TikTok ក្នុងប្រទេសរបស់ខ្លួន ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ ដើម្បីឱ្យប្រាកដចិត្តថា កម្មវិធីនេះអនុវត្តតាមការគ្រប់គ្រងខ្លឹមសារ ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្ម ។

មន្ត្រីវៀតណាមបញ្ជាក់ថា កម្មវិធីពេញនិយមរបស់ចិនដែលផ្តល់សេវាកម្មវីដេអូខ្លីៗនេះ បានចែកចាយវីដេអូមិនសមរម្យជាច្រើន ។ មន្ត្រីរូបនេះនិយាយថា ៖ «TikTok, Facebook និង YouTube ជាបណ្តាញសង្គមគ្មានព្រំដែន និងមានស្តង់ដារអន្តរជាតិ ប៉ុន្តែបណ្តាញសង្គមទាំងនេះត្រូវតែអនុវត្តតាមច្បាប់ក្នុងស្រុករបស់វៀតណាម ទាំងផ្នែកខ្លឹមសារ និងការបង់ពន្ធ» ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ក្រុមហ៊ុន TikTok និយាយថា ភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអេឡិចត្រូនិកវៀតណាមបានជូនដំណឹងមកកាន់ក្រុមហ៊ុនថា នៅត្រីមាសទី២ ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋាភិបាលនឹងមកពិនិត្យមើលការិយាល័យរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន TikTok នៅវៀតណាមបានបញ្ជាក់តាមអ៊ីម៉ែលថា ៖ «វាជាការស៊ើបអង្កេតរបស់រដ្ឋាភិបាលវៀតណាមតាមការគ្រោងទុក និងស្របតាមច្បាប់វៀតណាមទៅលើក្រុមហ៊ុនទាំងអស់ដែលធ្វើការនៅប្រទេសនេះ មិនមែនមានតែ TikTok មួយទេ» ។

ក្រុមហ៊ុនបញ្ជាក់ថា TikTok បានលុបវីដេអូចំនួន១,៧លានកាលពីត្រីមាសទី៤ ឆ្នាំ២០២២ តាមការស្នើសុំរបស់រដ្ឋាភិបាលវៀតណាម ដោយសារត្រូវគេមើលឃើញថា វីដេអូទាំងនេះបំពានគោលនយោបាយរបស់រដ្ឋាភិបាល ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ខ្លួនបានកែប្រែគោលការណ៍ណែនាំ ហើយសង្ឃឹមថា នឹងអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ដើម្បីឱ្យកាន់តែមានតម្លាភាពផ្នែកច្បាប់ ។

បើតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវលើកឡើងថា មានពលរដ្ឋវៀតណាមអាយុចាប់ពី១៨ឆ្នាំឡើងទៅបានប្រើប្រាស់កម្មវិធី TikTok ប្រមាណ៥០លាននាក់ ៕

ប្រភព ៖ mgronline