ទណ្ឌិតចំនួន ៦៦៨នាក់ បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងនោះ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានចំនួន ៣៤៥នាក់ និងទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យវិសាខបូជាមានចំនួន ៣២៣នាក់។ នេះបើតាមការឱ្យដឹងពីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ចំនួនទណ្ឌិត៦៦៨នាក់ បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ខាងលើនេះ ក្រោយពីមានកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៣ ។
គួរបញ្ជាក់ផងដែរថា បើតាមព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិត ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ប្រទេសកម្ពុជា កំណត់មានការលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតជាប់ពន្ធនាគារ ចំនួន៥ដងក្នុងមួយឆ្នាំ គឺ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍(៧មករា) ,ពិធីបុណ្យចូលឆ្នាំខ្មែរ ,បុណ្យវិសាខបូជា ,បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។ ក្នុងនោះព្រះរាជក្រឹត្យក៏បានបញ្ជាក់ថា ការបន្ធូរបន្ថយ និងការលើកលែងទោសនេះ គឺផ្ដល់ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្ត្រីមានផ្ទៃពោះ ឬមានជំងឺរ៉ាំរ៉ៃ ជនពិការភាព ដែលលិខិតបញ្ជាក់ពីគ្រូពេទ្យប៉ុណ្ណោះ។ ចំពោះការបន្ធូរបន្ថយទោសនេះ លុះត្រាតែទណ្ឌិតនោះ បានអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុប ដែលតុលាការបានកំណត់ ហើយសម្រាប់ទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស១០ឆ្នាំជាមុនសិន។ ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
– ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូល រួមរស់ក្នុងសង្គមវិញ
– គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូ ល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត
– ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្តុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម
-គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមសេចក្តីណែនាំផ្សេងទៀតរបស់ពន្ធនាគារ៕










